ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC ) បានចេញសេចក្តីជូនដំណឹងថា ជំងឺនីប៉ាហ៍ គឺជាជំងឺបង្កឡើងដោយវីរុសដ៏ធ្ងន់ធ្ងរ ហើយអាច បណ្តាលឲ្យស្លាប់បាន ។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលើ សត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក ។ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការ ប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស ។ អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី 40%–70% ។ ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុង តំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កើតជាញឹកញាប់នៅក្នុង ប្រទេសបង់ក្លាដែស និងឥណគ្នា។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ផងដែរ ជាពិសេសគឺនៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្តាលឲ្យឈឺ៣០០នាក់ ក្នុង នោះ១០០នាក់បានស្លាប់ ។ មនុស្សអាចឆ្លងមេរោគនីប៉ាន៍ តាមរយៈ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ច្រឹង ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទាន អាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយ សត្វដែលផ្ទុកមេរោគ ។
កាត់បន្ថយការឆ្លងមេរោគតាមរយៈ លាងដៃរបស់អ្នកឱ្យបាន ទៀងទាត់ជាមួយសាប៊ូ និងទឹក ចៀសវាងការប៉ះពាល់ជាមួយ សត្វប្រចៀវ ច្រឹង ឬជ្រូកឈឺ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគNipah
អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល 3 ទៅ 14 ថ្ងៃ ដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាក ដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាច ជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេកប្រកាច់។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល24-48 ម៉ោង។
សូមបញ្ជក់ៈ រហូតដល់ពេលនេះ ប្រទេសកម្ពុជាមិនដែលរក ឃើញ ជំងឺ នីប៉ាហ៍ កើតលើមនុស្សនៅឡើយទេ តែនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង កំពុងយកចិត្តដាក់ធ្វើការតាមដាន និងត្រៀម លក្ខណៈឆ្លើយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ឬ ០១២៤៨៨៩៨១ ដោយមិនគិតថ្លៃ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



