ពោធិ៍សាត់ ៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៥និង១០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ បានសហការចុះបង្ក្រាបករណីលួចម៉ូតូ នៅចំណុចមុខផ្ទះរបស់ឈ្មោះ យ៉ុន សារ៉ាន់ ស្ថិតនៅភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
របាយការណ៍របស់អធិការដ្ឋាននគបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យន់ សារឿន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរបកសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឃុំ កើតហេតុខាងលើ និងយោងកំណត់ហេតុបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យន់ សារឿន បានរៀបរាប់ថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៤និង៣០នាទី ខ្លួនបានជិះម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ2016 ស្លាកលេខពោធិ៍សាត់1G-5422 ដើម្បីទៅទិញមីនៅផ្ទះរបស់ឈ្មោះ យ៉ុន សារ៉ាន់ ពេលមកដល់ខ្លួនពុំបានដកសោរម៉ូតូទេ ហើយចូលរើសអីរ៉ាន់ និងទិញមីស្រាប់តែឃើញមនុស្សប្រុសពីរនាក់ពាក់មួកសុវត្ថិភាពនិងអាវដៃវែងពណ៌ខ្មៅ ជិះអាសង់ពណ៌ខ្មៅ តែខ្លួនមិនចាំស្លាកលេខ និងឆ្នាំផលិត ឈប់ម៉ូតូក្បែរម៉ូតូរបស់ខ្លួនហើយសួររកទិញបារី និងភេសជ្ជៈស្ទីងដោយសារអ្នកលក់គាត់ចាស់មិនស្គាល់ភេសជ្ជៈ ទើបខ្លួនទៅជួយរកស្រាប់តែបុរសម្នាក់ក្នុងចំណោមបក្សពួកនោះបានយកម៉ូតូរបស់ខ្លួនជិះចេញទៅទិសខាងកើតតាមបណ្ដោយផ្លូវជាតិលេខ៥ ភ្លាមនោះខ្លួនក៏រត់ដេញចាប់តែមិនទាន់ ខ្លួនបានស្រែកឆោឡោទើបដឹងដល់ប្រជាការពារភូមិហៅតេអូរតៗគ្នាឲ្យជួយចាប់ចោរលួចម៉ូតូរបស់ខ្លួន។ ជនសង្ស័យឈ្មោះ ជា រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្រុកកំណើតភូមិទួលលាន ឃុំជ័យកំពក ស្រុកព្រះស្ដេចខេត្តព្រៃវែង និងវត្ថុតាងដកហូត ម៉ូតូម៉ាកសងC125 ពណ៌ខ្មៅ ផលិតឆ្នាំ2016 ស្លាកលេខពោធិ៍សាត់1G-5422 មួកសុវត្ថិភាពពណ៌ខ្មៅចំនួន១ ក្រោយធ្វើការបង្រ្កាបរួចសមត្ថកិច្ចបានប្រគល់វត្ថុតាងជូនជនរងគ្រោះវិញ។
ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជរឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៥ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង២៣នាទី ដើម្បីបញ្ជូនទៅខេត្តអនុវត្តនីតិវិធីបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី



