ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់យ៉ាងលឿនរហ័ស ចំពោះការតវ៉ារបស់បងប្អូនកម្មករនិយោជិត នៃរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន (ខេមបូឌា) ឯ.ក ទាំងពីរទីតាំងក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងក្នុងស្រុកបាទី ខេត្តតាកែវ ហើយក្នុងនោះកម្មករនិយោជិតនឹងចូលធ្វើការងារជាធម្មតាវិញនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានបញ្ជាក់នៅថ្ងៃនេះ។
អ្នកនាំពាក្យរូបនេះអះអាងថា៖«ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករនិយោជិតទាំងអស់នឹងវិលចូលបម្រើការងារជាធម្មតាវិញនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦»។
លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ៧ចំណុចក្នុងនោះរួមមាន ការបើកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំជូនកម្មករនិយោជិតឱ្យអស់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈដែលចាប់ពីឆ្នាំ២០២៦ តទៅត្រូវអនុវត្តទៅតាមច្បាប់ស្តីពីការងារ, ការអនុវត្តផ្តល់ការឈប់សម្រាកតាមវេជ្ជបញ្ជារបស់ពេទ្យដែលមានការទទួលស្គាល់ពី ប.ស.ស, និងការកំណត់យកថ្ងៃធ្វើការងារចំនួន ២៦ថ្ងៃជាមូលដ្ឋានគិតប្រាក់ឈ្នួលជាដើម។
សូមជម្រាបថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និងមន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយភ្លាមៗដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថា ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារចំពោះកម្មករកម្មការិនី គឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិតដោយផ្អែកលើការយោគយល់ អធ្យាស្រ័យនិងលិខិតបទដ្ឋានគតិយុត្ត៕
រក្សាសិទ្ធដោយ៖សុទ្ធលី








