ភ្នំពេញ ៖ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលបានអញ្ជើញមកកម្ពុជា និងជួបពិភាក្សាការងារនាថ្ងៃនេះ ដោយឯកឧត្តមបានជម្រាបជូនពីស្ថានភាពថ្មីៗនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាច្បាប់និងបទប្បញ្ញត្តិទាក់ទងនឹងវិនិយោគ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក វិស័យអាទិភាពសម្រាប់ការវិនិយោគ និងការផ្តល់ការលើកទឹកចិត្ត និងការគាំទ្រនានារបស់កម្ពុជាជូនដល់អ្នកវិនិយោគ ។
លោក គីម ឆា ហ៊ួត ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការរងនិងសហការី ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយស្តីពីបរិស្ថានវិនិយោគនៅកម្ពុជាដើម្បីបានជាមូលដ្ឋានក្នុងការសម្រេចចិត្តធ្វើការវិនិយោគក៏ដូចជាសម្រាប់យកទៅផ្សព្វផ្សាយជូនដល់សមាជិកដទៃទៀត។ ជារួម គណៈប្រតិភូទាំំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្លឹងមើលឃើញនូវកាលានុវត្តភាពជាច្រើនក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ ក្នុងនោះវិស័យមួយចំនួនដែលគណៈប្រតិភូបានចាប់អារម្មណ៍ក្នុងការវិនិយោគមានដូចជា វិស័យសុខាភិបាល (ការបង្កើតមន្ទីពេទ្យ និងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល) ភស្តុភារកម្ម ( Logistics) សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា កសិឧស្សាហកម្ម ពាណិជ្ចកម្មនាំចេញ-នាំចូល និងការចិញ្ចឹមសត្វ ជាដើម។ល។
ជាកិច្ចបញ្ចប់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណម្តងទៀតដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលកន្លងមកបានគាំទ្រដល់ដំណើរបំពេញទស្សនកិច្ចការងារផ្សព្វផ្សាយការវិនិយោគរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងក្រុមការងារនៅសហរដ្ឋអាម៉េរិក និងដែលជារៀងរាល់ឆ្នាំបានដឹកនាំសមាជិកនិងតំណាងក្រុមហ៊ុនមកស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក៏ដូចជាបានចូលរួមយ៉ាងសកម្មផ្សព្វផ្សាយពីកម្ពុជាទៅដល់វិនិយោគិនអាម៉េរិក។ ក្នុងបរិការណ៍នេះ ឯកឧត្តមអគ្គលេខាធិការរង បានប្តេជ្ញានឹងខិតខំបន្តពូនជ្រុំទំនាក់ទំនងដែលមានរវាងស្ថាប័នទាំងពីរ និងរងចាំឆ្លើយតបនូវរាល់សំណួរនានាដែលប្រតិភូសភាពាណិជ្ជកម្មមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី








