ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមនាវី សាមុយអែល ប៉ាប៉ារូ ( Samuel Paparo ) មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ និងបានបន្តអញ្ជើញទស្សនកិច្ចលើនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) ក្នុងពេលដែលនាវាចម្បាំងនេះបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
នាយឧត្តមនាវី Samuel Paparo បំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក ចូលមកចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក។
កាលពីព្រឹកមិញនេះ នាយឧត្តមនាវី Samuel Paparo ក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជំនួបរវាងសម្តេចមហាបវរធិបតី និងមេទ័ពជើងទឹកអាមេរិក ដើម្បីពិភាក្សាពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងវិស័យការពារជាតិ និងវិធីពង្រឹងចំណងទាក់ទងទ្វេភាគី និងការការគាំទ្រដល់ស្ថិរភាពតំបន់។
កិច្ចពិភាក្សាបានផ្តោតលើការសន្ទនា ទំនុកចិត្តគ្នានិងស្ថិរភាពតំបន់។ សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ។
នៅល្ងាចថ្ងៃនេះ មេទ័ពជើងទឹកអាមេរិក នាយឧត្តមនាវី Samuel Paparo ក៏នឹងរៀបចំពិធីជប់លៀងលើនាវាដ៏មានអានុភាពរបស់អាមេរិក ដែលកំពុងចតនៅមូលដ្ឋានសមុទ្ររាមផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







































