ទីក្រុងហុងកុង៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងឯកឧត្តម Chaucer Leung អគ្គនាយកនៃអាជ្ញាធរគមនាគមន៍ នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន (OFCA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការឆបោក និងសារឥតបានការ (Spam) ក្នុងវិស័យទូរគមនាគមន៍។
អនុស្សរណៈនៃការយោគយល់នេះ លើកកម្ពស់ការផ្លាស់ប្តូរឧត្តមានុវត្តន៍លើការធ្វើនិយ័តកម្ម ការចែករំលែកព័ត៌មានទាន់ពេលវេលាអំពីនិន្នាការថ្មីៗ និងការធ្វើកិច្ចសហការគ្នា ដើម្បីការពារអ្នកប្រើប្រាស់ និងរក្សាទំនុកចិត្តលើសេវាទូរគមនាគមន៍។ ទន្ទឹមនឹងពិធីចុះហត្ថលេខានេះដែរ និយ័តករទាំងពីរបានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការធ្វើនិយ័តកម្ម និងគំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត។
ឯកឧត្តមប្រធាន ថោង ចិន្តា បានមានប្រសាសន៍ថា ភាពជាដៃគូនេះនឹងពង្រឹងភាពធន់ក្នុងវិស័យទូរគមនាគមន៍ឱ្យកាន់តែរឹងមាំ និងជំរុញការការពារអ្នកប្រើប្រាស់ ព្រមទាំងបង្កើនទំនុកចិត្តលើប្រព័ន្ធឌីជីថលនៅកម្ពុជានិងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕ រក្សាសិទ្ធដោយ៖សុទ្ធលី


