ភ្នំពេញ៖ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសហដឹកនាំកិច្ចពិភាក្សាកម្រិតគោលនយោបាយ ស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ៩ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការចូលរួមមកពីតំណាងជាន់ខ្ពស់នៃក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា, តំណាងជាន់ខ្ពស់ពីក្រសួងការបរទេសជប៉ុន, ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង, ក្រសួងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជាសរុបប្រមាណ ១៤០ នាក់ ។
គោលដៅចម្បងនៃកិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ជប៉ុន និងតម្រឹមគោលនយោបាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់កម្ពុជា ៕រក្សាសិទ្ធដោយ៖សុទ្ធលី











