ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវជាថ្មីទៀតតាមរយៈបណ្តាញផ្សព្វផ្សាយ ដល់អ្នកអ្នកប្រើប្រាស់ផ្លូវជាតិ ពិសេសអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបង្កើនការប្រុងប្រយត្ន័ឲ្យបានខ្ពស់ ប្រយោជន៍ដើម្បីរួមគ្នាការពារកុំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ ឬរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះចំនួន។
សារអំពាវនាវនេះ បានធ្វើឡើង បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ជាពិសេសនៅចំណុចម្តុំរ៉ារទេះភ្លើងក្នុងក្រុងព្រះសីហនុ បានកើតឡើងថ្មីៗ និងបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ និងស្ទើរជារៀងរាល់ថ្ងៃ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបន្តកើតមាន នៅតាមផ្លូវជាតិលេខ ៤ ក្នុងស្រុកកំពង់សិលា ស្រុកព្រៃនប់ និងនៅក្រុងព្រះសីហនុជាដើម ដោយគិតត្រឹមរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ គឺមានជនរងគ្រោះចំនួន ៥នាក់ បានស្លាប់ និងយ៉ាងហោចមានមនុស្ស ៥នាក់ បានរងរបួសធ្ងន់។
ព្រមជាមួយគ្នានេះ ក៏មានយានយន្តជាច្រើនគ្រឿង បានរងការខូចខាត ក្នុងនោះរបាយការណ៍មិនបានរាប់បញ្ចូលករណីគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នាតិចតួចផងទេ។
ផ្តើមពីបញ្ហានេះ លោក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបទល្មើសបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវត្រូវបានចាប់បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីតាមច្បាប់៕ ដោយ ៖ ដែន សីមា