ភ្នំពេញ ៖ ក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលកន្លងមក ថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២៦៖ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងរួចមក ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងក្រុមការងារ បានបន្តកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងរដ្ឋបាលខេត្តចំនួន៣ ដែលមានសមាសភាព៖ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ លោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ និងឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ ដើម្បីពន្លឿនការរៀបចំផែនការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។
ជាលទ្ធផលរួម អាជ្ញាធរមីន និងរដ្ឋបាលខេត្តទាំង៥ បានឯកភាពគ្នាកំណត់បានបញ្ជីភូមិអាទិភាពដែលរងផលប៉ះពាល់ខ្ពស់ និងទាប សម្រាប់រៀបចំផែនការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកដែលបាននិងកំពុងវិលត្រឡប់មកតាំងទីលំនៅជាថ្មី និងគាំទ្រដល់ការប្រកបរបរចិញ្ចឹមជីវិត ការស្តារជីវភាពរបស់ប្រជាពលរដ្ឋ និងការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
កន្លងមក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឆ្លើយតបបន្ទាន់បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយរួមជាមួយប្រតិបត្តិករជាតិ-អន្តរជាតិ នានា បានចុះផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន ដើម្បីបង្កើនការយល់ដឹង និងធានាសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋភៀសសឹក និងសហគមន៍ដែលរងផលប៉ះពាល់ពីការវាយប្រហារដោយយោធាថៃ។
អាជ្ញាធរមីននឹងបន្តកិច្ចសហការនិងសម្របសម្រួលជាមួយបណ្តាប្រតិបត្តិករផ្សេងទៀត ដើម្បីដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់អោយបានឆាប់ ក្នុងភូមិគោលដៅដែលបានលើកឡើងតាមយៈកិចប្រជុំពិភាក្សានេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












