ភ្នំពេញ៖ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំឱ្យ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ចំពោះស្រ្តីមានផ្ទៃពោះនិងកុមារងាយរងគ្រោះ ដើម្បីឱ្យពួកគាត់បានទទួលសេវាសង្គមបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព បើទោះបីកន្លងមក ការអនុវត្តបានល្អប្រើសើរហើយក្តី។
ការណែនាំបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២៥ និងទិសដៅការងារ ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកជំទាវ តិមា វិច្ឆិកាល អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវកែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ។
ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍ទៀតថា៖ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីសមិទ្ធផលសំរេចបាន និងស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីស្វែងរកធាតុចូលធ្វើយ៉ាងណា ឱ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ សម្រេចជោគជ័យថ្មីៗទៀត នាឆ្នាំខាងមុខ។ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌនិង គ.ក.ន.ក សង្កាត់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការផ្តល់ឱកាសសំរាប់កុមារបានសិក្សារៀនសូត្រ។ ការសិក្សារៀនសូត្ររបស់កុមារ ជារឿងធំនិងសំខាន់បំផុត ដែលយើងត្រូវយកចិត្តទុកដាក់ ចាប់ពីថ្នាក់រាជធានីរហូតដល់សង្កាត់ ព្រោះថា បើពួកគាត់មិនចេះអក្សរ វាជាកង្វល់ដ៏ធំសំរាប់សង្គម។
បន្ថែមពីនេះ ឯកឧត្ដម ម៉ប់ សារិន ក៏បានស្នើឱ្យ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំផែនការសកម្មភាព និង ថវិកាប្រចាំឆ្នាំបញ្ចូលក្នុងកម្មវិធីវិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌ ដើម្បីទទួលបានការគាំទ្រពីក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ។គ.ក.ន.ក សង្កាត់ទាំង១០៥ ត្រូវរៀបចំកិច្ចប្រជុំប្រចាំខែឱ្យបានទៀងទាត់ និងមានរបាយការណ៍ នៃកិច្ចប្រជុំ ហើយត្រូវរៀបចំគម្រោងផែនការថវិកា និងផែនការសកម្មភាពប្រចាំឆ្នាំ ទៅតាមថវិកាវិភាជន៍ របស់ រដ្ឋបាលសង្កាត់។
ក្នុងឱកាសនោះដែរលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងរាជធានី ក៏បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អនិងជោគជ័យ គួរជាទីមោទនៈនាឆ្នាំ២០២៥កន្លងមកនេះ។ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ មានកិច្ចការងារយ៉ាងសំខាន់ចំពោះ កិច្ចការងារស្ត្រី ក្នុងការដោះស្រាយបញ្ហាប្រឈម រៀបចំការអភិវឌ្ឍ វិនិយោគរបស់ខណ្ឌសង្កាត់ គាំទ្រសេវាសង្គម ជួយសម្របសម្រួល ការពារស្ត្រីដោយអំពើហឹង្សានិងការពារកុមារ។
លោកជំទាវ តិមា វិច្ឆិកាល បានបញ្ជាក់ថា៖ តាមការជំរឿនរបស់ក្រសួងផែនការ កម្ពុជាមានប្រជាពលរដ្ឋចំនួន១៧លាននាក់ ក្នុងនោះមានស្ត្រី៥១% ស្មើនឹងជិត៤លានគ្រួសារ។ ពលរដ្ឋយើងបច្ចុប្បន្នមានអាយុជាមធ្យមត្រឹម៧៦,៦ឆ្នាំ ក្នុងនោះ បុរសមានអាយុជាមធ្យមត្រឹម៧៤,៧ឆ្នាំ ស្ត្រីមានអាយុជាមធ្យមត្រឹម៧៨,៤ឆ្នាំ។សម្រាប់រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃចំនួនជាង២លាននាក់។តែបើគិតពីអ្នកមករកការងារធ្វើនិងជនភៀសសឹកទៀតនោះ នៅរាជធានីភ្នំពេញមានពលរដ្ឋរស់នៅទាំងអចិន្ត្រែយ៌និងរស់នៅចល័តប្រមាណ៤លាននាក់។
ជាមួយគ្នានោះ លោកជំទាវ តិមា វិច្ឆិកាល បានសំណូមពរឱ្យគ ក ស ក ខណ្ឌទាំង១៤ សូមបន្តចូលរួមជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ដើម្បីឱ្យការងារកាន់តែល្អប្រសើរ។សូមផ្តល់ព័ត៌មានពាក់ព័ន្ធនិងការរំលោភបំពានលើស្ត្រីនិងកុមារឱ្យបានលឿនមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការច្បាប់ឱ្យបានទាន់ពេលវេលា៕ រក្សាសិទ្ធដោយ៖សុទ្ធលី












