ក្នុងខេត្តកណ្តាល ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់មន្ទីរ-អង្គភាព ក្រុង-ស្រុក ឃុំ-សង្កាត់ សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន និងសាធារណជនក្នុងខេត្តកណ្តាល ដូចតទៅ៖
១- ហាមដាច់ខាត
-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ -មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ
-មិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។ ២- នៅគ្រប់កន្លែងកម្សាន្តសប្បាយនានា មន្ទីរ-អង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាស សែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាងមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវសាធារណៈឡើយ។
៣- ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបាន ម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលខេត្តកណ្តាល និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែង ក្នុងខេត្តកណ្តាល។
៤- រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ ក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាព។ ៥- មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ឱ្យ យកចិត្តទុកដាក់ណែនាំសិស្សានុសិស្ស និស្សិត មិនត្រូវយកថ្ងៃនេះលេងសប្បាយផ្សេងៗ ដែលប្រាសចាកពីទំនៀមទំលាប់ប្រពៃណី។
៦- មន្ទីរទេសចរណ៍ខេត្ត ត្រូវណែនាំរំលឹកដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងផ្នែកសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃលក់ឱ្យបានសមរម្យ ដោយមានសេវាកម្ម និងអនាម័យល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកសម្រាកកម្សាន្ត ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម។
៧- មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយ នូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៨- ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវចេញបទបញ្ជាឱ្យ បានម៉ឺងម៉ាត់ដល់កងកម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៩- ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមាន ចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរៀបរយសាធារណៈ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន។
ទទួលបានសេចក្ដីណែនាំនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ សហការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធដោយ៖សុទ្ធលី








