Saturday, January 31, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានផ្តល់អនុសាសន៍ណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ លើកិច្ចការងារសំខាន់ៗដែលត្រូវការយកចិត្តទុកដាក់ និងត្រូវការពង្រឹងបន្ថែម ដើម្បីស្ថាប័នទទួលបានសមិទ្ធផលកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ ៖ ប្រជុំប្រចាំខែមករា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តម្រង់ទិសដល់សហការីនៃក្រសួងមុខងារសាធារណៈ លើការបន្តលើកកម្ពស់ការអនុវត្តមុខងារស្នូល ការងារកែទម្រង់រដ្ឋបាលសាធារណៈ និងកំណត់ភាពសំខាន់ ភាពបន្ទាន់ និងភាពដែលអាចសម្រេចបាន ដោយប្រកាន់យកអភិក្រមអនុវត្តការងារជាជំហានៗ សម្រេចបានសមិទ្ធកម្មជាជំហាន។

នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែមករា ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានផ្តល់អនុសាសន៍ណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ លើកិច្ចការងារសំខាន់ៗដែលត្រូវការយកចិត្តទុកដាក់ និងត្រូវការពង្រឹងបន្ថែម ដើម្បីស្ថាប័នទទួលបានសមិទ្ធផលកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ណែនាំឱ្យជំរុញការងារស្នូលរបស់ក្រសួង ជាពិសេសបន្តការពង្រឹងវត្តមាន មន្រ្តីរាជការទាំងផ្ទៃក្នុងក្រសួង និងក្នុងក្របខ័ណ្ឌនៃកិច្ចការងារអធិការកិច្ចក្រសួង ស្ថាប័ន។ ក្នុងនោះ ត្រូវបន្តពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចជាការបើកផ្តល់បៀវត្ស ការគ្រប់គ្រងបម្រែបម្រួលស្ថានភាពមន្ត្រី ការអភិវឌ្ឍមូលធនមនុស្ស ការអភិវឌ្ឍប្រព័ន្ធឌីជីថល សម្រាប់មុខងារសាធារណៈ ការអនុវត្តគោលនយោបាយមុខងារសាធារណៈ កិច្ចសហប្រតិបត្តិការ ក្នុង និងក្រៅប្រទេស ជាដើម។

ការបន្តពង្រឹងការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ជាកិច្ចការដែលចាំបាច់។ “កន្លងមក យើងសម្រេចបានសមិទ្ធផលជាច្រើនបន្តបន្ទាប់ ដូចជាការរៀបចំការប្រឡងប្រជែងដោយទទួលបានការសាទរ និងការជឿទុកចិត្តពីសំណាក់បេក្ខជន និងមហាជនរួចមកហើយ ដូច្នេះ ការបន្តពង្រឹងការងារនេះ ជាកិច្ចការដែលមិនត្រូវបង្អង់ដៃ ហើយធ្វើឱ្យកាន់តែមានគុណភាព ចំគោលដៅ ទាំងប្រព័ន្ធអាជីព និងប្រព័ន្ធនិយោជន៍ រួមទាំងការងារដែលកំពុងបន្តជាច្រើនទៀត។” ទន្ទឹមនេះ ការសម្រេចការវិភាគមុខងារដំណាក់កាលទី១ ជាជំហានដំធំមួយដែលសម្រេចបាន និងកំពុងបង្ហាញនូវស្ថានភាពសុខភាពរដ្ឋបាលសាធារណៈដែលត្រូវដោះស្រាយជាចាំបាច់ ជាបន្តបន្ទាប់។ “ត្រូវបន្តរៀបចំ និងដោះស្រាយបញ្ហាដែលបានរកឃើញចេញពីការវិភាគមុខងារ ទាំងការរៀបចំអនុក្រឹត្យ នៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មុខងារបណ្តុះបណ្តាល ឬមុខងារដែលត្រួតស៊ីគ្នាផ្សេងទៀត រួមទាំងការធ្វើជំរឿនមន្ត្រី និងការលើកកម្ពស់គុណភាពសេវាសាធារណៈជាដើម។” ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យបន្តតាមដានការអនុវត្តគម្រោងនៅតាម ក្រសួង ស្ថាប័ននានា ដែលជាផ្នែកមួយនៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ចប់កិច្ចប្រជុំដោយលើកឡើងថា “ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ជាដំណើរដ៏វែងឆ្ងាយ ដែលមិនមែនជាសកម្មភាពតែម្តងហើយសម្រេចបានជោគជ័យនោះទេ តែជាការងារដែលត្រូវធ្វើរួមគ្នា និងត្រូវបន្តធ្វើជាប់ជាប្រចាំ ដើម្បីឱ្យយើងអាចស្គាល់ពីសមត្ថភាព តាមដានសុខភាពប្រព័ន្ធរដ្ឋបាលរបស់យើង ដឹងពីអ្វីដែលត្រូវពង្រឹង និងសម្រួចបន្ថែម រួមចំណែកដល់ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងបរិបទសាកលឱ្យកាន់តែរឹងមាំដើម្បីការពារ និងទាញផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។” រក្សាសិទ្ធដោយ៖សុទ្ធលី

×