ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញផ្សាយព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ លោកស្រីភារធារី Walker បានចូលរួមជាមួយលោកAnjani Sinha ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសសិង្ហបុរី លោក David Fogelឧបការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា នៅពិព័រណ៍អាកាសយានសិង្ហបុរី ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាជាផ្លូវការរវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុន Air Cambodia សម្រាប់ការទិញយន្តហោះ ៧៣៧ MAX ចំនួន១០ គ្រឿង និងមានសិទ្ធិជ្រើសរើសទិញថែម១០ គ្រឿងទៀត។
កិច្ចព្រមព្រៀង Boeing មានតម្លៃ ៣.២ ពាន់លានដុល្លារ គឺជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហើយអនុវត្តតាមកិច្ចសន្យានៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជបដិការ ដោយបង្កើតឱកាសការងារ និងជម្រុញសេដ្ឋកិច្ចដល់ប្រទេសទាំងពីរ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានអបអរសាទរដល់ក្រុមហ៊ុន Boeing និង Air Cambodia ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ។ យើងសង្ឃឹមថាកិច្ចសហការនេះ នឹងជួយពង្រឹងឧស្សាហកម្មអាកាសចរណ៍កម្ពុជា និងបើកទ្វារថ្មីសម្រាប់ការតភ្ជាប់ក្នុងតំបន់ និងពិភពលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី


