ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៣០១,៩០៤ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយ ចំនួនពីរ។
ស្ថាប័នទទួលជំនួយ ចំនួនពីរ គឺ ១. គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរស្រឡៅជ្រុំក្នុងខេត្តបន្ទាយមានជ័យ (ថវិកាចំនួន ២២០,២១៦ ដុល្លារ អាមេរិក)។ ស្ថាប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័ និង២. គម្រោងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី (ថវិកាចំនួន ៨១,៦៨៨ ដុល្លារអាមេរិក)។ ស្ថាប័នទទួលជំនួយ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបាន ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាដំបូង សូមអនុញ្ញាតឱ្យខ្ញុំនិយាយដោយសង្ខេបអំពីជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ រដ្ឋាភិបាល ជប៉ុន និងរូបខ្ញុំផ្ទាល់ ស្វាគមន៍ការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ និងការវិល ត្រឡប់មកវិញដោយសុវត្ថិភាពរបស់ទាហានកម្ពុជាទាំង១៨រូប នៅមុនដំណាច់ឆ្នាំកន្លងទៅ។ រដ្ឋា ភិបាលជប៉ុននឹងបន្តផ្តួចផ្តើមការគាំទ្រនានា ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត ក៏ដូចជាផ្តល់នូវ ជំនួយផ្សេងៗ។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅ រដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសា ជប៉ុន ហើយក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុនបានអនុវត្តជាង ៧០០គម្រោង នៅទូ ទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណ៌។ យើងមានសេចក្តី សោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានណែនាំគម្រោង ដែលយើងបានចុះហត្ថលេខានាថ្ងៃនេះ។
សម្រាប់គម្រោងទី១ ដែលនឹងអនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ២២០,២១៦ ដុល្លារអាមេរិក (ពីររយម្ភៃពាន់ពីររយដប់ប្រាំមួយដុល្លារ អាមេរិក) សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងរួមចំណែកដល់ការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពដល់ប្រជាជនមូលដ្ឋានប្រមាណ ៦,០០០នាក់ នៅ ទូទាំង ៦ភូមិ ដែលនាំមកនូវការកែលម្អរផលិតកម្មកសិកម្ម និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន មូលដ្ឋាន។ បន្ថែមពីនេះ យើងរំពឹងថាគម្រោងនេះនឹងគាំទ្រដល់ឱកាសការងារផ្នែកកសិកម្មសម្រាប់ ប្រជាជនកម្ពុជាដែលបានត្រឡប់មកពីប្រទេសថៃវិញ ដោយសារស្ថានភាពព្រំដែនកម្ពុជា-ថៃ។
សម្រាប់គម្រោងទី២ ដែលនឹងអនុវត្តដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៨១,៦៨៨ ដុល្លារអាមេរិក (ប៉ែតសិបមួយពាន់ប្រាំមួយរយប៉ែតសិបប្រាំ បីដុល្លារអាមេរិក) ដើម្បីសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងផ្តល់ឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ថ្មីៗ។ អន្តេវាសិកដ្ឋាននឹងផ្តល់ឱ្យនិស្សិតស្រីនូវកន្លែងស្នាក់នៅប្រកបដោយផាសុកភាព ហើយឧបករណ៍ ថ្មីនឹងផ្តល់ឱ្យនិស្សិតទាំងអស់នូវឱកាស ដើម្បីរៀននូវជំនាញវិជ្ជាជីវៈនានា ដែលនឹងជួយពួកគេក្នុងការ ស្វែងរកការងារបន្ទាប់ពីបញ្ចប់ការសិក្សា។
ឯកឧត្តមបានសង្កេតឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជានាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមជាច្រើន ដែល ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈគ្រោង ការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង “គូសាណូណិ” ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី













