ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ បួយ ធីមិញហ័យ (Bùi Thị Minh Hoài) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នារសៀលថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្នុងនាម មិត្តជិតស្និទ្ធ និងជាមិត្តល្អ ដែលតែងតែដើរតួនាទីព្រូនជ្រុំនៃទំនាក់ទំនងកម្ពុជា វៀតណាម ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ។
ជាការឆ្លើយតប លោកជំទាវ បួយ ធីមិញហ័យ បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូ និងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះលទ្ធផលដែលមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ សម្រេចបាន ដែលធ្វើឲ្យវៀតណាមបង្កើតជាសន្ទុះថ្មីសម្រាប់យុគសម័យនៃការអភិវឌ្ឍ។
ភាគីទាំងពីរបានឯកភាពនឹងបន្តធ្វើការរួមគ្នាឱ្យកាន់តែសកម្ម ដើម្បីបង្កើតផែនការអនុវត្តជាក់ស្តែងរបស់រណសិរ្សទាំងពីររួមគ្នា ដើម្បីរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់រឹងមាំ តាមរយៈការជំរុញការផ្សព្វផ្សាយឱ្យប្រជាជននៃប្រទេសទាំងពីរបានយល់ជ្រួតជ្រាបអំពីទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ពិសេសយុវជនជំនាន់ក្រោយ។
គួររំលឹកផងដែរថា នៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុននេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ លោកជំទាវ បួយ ធីមិញហ័យ (Bùi Thị Minh Hoài) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា សំដៅលើកកម្ពស់តួនាទីរបស់រណសិរ្សនៃប្រទេសទាំងពីរ ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំ និងយល់ជ្រួតជ្រាបដល់ស្រទាប់យុវជនជំនាន់ក្រោយ ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការរវាងរណសិរ្សប្រទេសទាំងពីរ សម្រាប់ឆ្នាំ ២០២៦-២០៣១៕រក្សាសិទ្ធដោយ៖សុទ្ធលី





















