រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាវាគ្មិនក្នុងវេទិកាពន្ធដារកម្ពុជា ២០២៦ “ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
វេទិកានេះត្រូវបានរៀបចំទ្បើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងត្រូវបានប្រារព្ធ ពិធីបើកក្រោមអធិបតីភាពរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលត្រូវបានអញ្ជើញឱ្យចូលរួមធ្វើបទបង្ហាញអំពីច្បាប់ស្តីពីវិនិយោគ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាអំពីការគាំទ្រដល់ការរីកចម្រើនរបស់វិស័យឯកជនក្នុងថ្ងៃទី២នៃវេទិកានេះ។
ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងនូវក្របខណ្ឌច្បាប់ស្តីពីវិនិយោគដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១ និងអនុក្រឹត្យនៃការអនុវត្តច្បាប់នេះដែលមានភាពបើកចំហ និងគ្រប់ជ្រុងជ្រោយ ដែលការណ៍នេះបានធ្វើឱ្យបរិស្ថានវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផល។ ជាការកត់សម្គាល់ ការរួមផ្សំនៃកត្តាទាំងនេះបានធ្វើឱ្យការវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនទ្បើងយ៉ាងគំហុក។
បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកទ្បើងពីការលេចចេញនូវកន្សោមឧស្សាហកម្មមួយចំនួនដូចជាកន្សោមឧស្សាហកម្មផ្គុំដំទ្បើងរថយន្ត, ផលិតសំបកកង់រថយន្ត, ផ្គុំដំទ្បើងកង់ និងគ្រឿងបង្គុំកង់…។ល។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីសក្តានុពលនៃឧស្សាហកម្មឈើដាំដែលនឹងមានតួនាទីដ៏សំខាន់ក្នុងការផ្គត់ផ្គង់ជាធាតុចូលផលិតកម្មនៃការផលិតគ្រឿងសង្ហារិម បន្ទះក្តារវ៉ែនី និងក្តារប្លាកេដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការក៏បានទាញចំណាប់អារម្មណ៍របស់អង្គពិធីអំពីការគិតគូររបស់រាជរដ្ឋាភិបាលលើការរៀបចំខ្សែច្រវាក់តម្លៃឧស្សាហកម្មស្វាយចន្ទីដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីវិស័យដ៏មានសក្តានុពលនេះ។
ឯកឧត្តមអគ្គលេខាធិការក៏បានបន្ថែមថា ទន្ទឹមនឹងកំណើននៃការវិនិយោគយ៉ាងគំហុកនេះក៏មានបញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិនដែលទាមទារឱ្យមានការសម្របសម្រួលស្វែងរកដំណោះស្រាយ និងការចូលរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការថែទាំវិនិយោគ, បង្កើនទំនុកចិត្តបន្ថែមពីសំណាក់សហគមន៍វិនិយោគ និងលើកកម្ពស់បរិយាកាសវិនិយោគ ក៏ដូចជាភាពប្រកួតប្រជែងរបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















