បាត់ដំបង ៖ ប្រឌិតរឿង២ករណីត្រូវស្នងការនគរបាលខេត្តបាត់ដំបង អនុវត្តទៅតាមនីតិវិធី គឺករណីទី១ ប្រឌិតរឿងថាមានចោរប្លន់មាសអស់ ៥០ដំឡឹងជាង ក្រុង-ខេត្តបាត់ដំបង ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ និងករណីទី២ ប្រឌិតរឿងថាចោរចូលប្លន់លុយ ២០០០ដុល្លារអាមេរិក និងគ្រឿងអលង្ការមួយចំនួនទៀត ក្រុង-ខេត្តបាត់ដំបង ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦ ឥឡូវត្រូវស្នងការនគរបាលខេត្តបាត់ដំបង អនុវត្តទៅតាមនីតិវិធីនៃច្បាប់ (បណ្ដឹងបរិហារកុហកភូតភរអាជ្ញាធរសមត្ថកិច្ច) មាត្រា ៥២៤ ក្រមព្រហ្មទណ្ឌនិងរដ្ឋប្បវេណី ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី០១ខែ កុម្ភៈឆ្នាំ២០២៦ នៅក្រុងបាត់ដំបងបានលេចឡើងនូវព័ត៌មានថាមានករណីចោរប្លន់លំនៅដ្ឋានចំនួន០២ករណីដាច់ដោយឡែកពីគ្នាក្នុងអំឡុងពេលមិនដល់មួយម៉ោងផង ។
ឈ្មោះ អ៊ុំ សុខចំរើន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែក ព្រះស្តេច សង្កាត់ព្រែកព្រះស្តេចក្រុង បាត់ដំបង មានមុខរបរជាងស្លររំលាយមាសបានអះអាងថាខ្លួនត្រូវជនសង័្សយ ប្រើកាំបិតចាក់ខ្លួនប្លន់យកមាសដុំអស់ចំនួន ៥៥ដំឡឹង(ហាសិបប្រាំដំឡឹង)។
ដោយឡែកស្រ្តីឈ្មោះមៀន ម៉ារិយា អាយុ៣៦ឆ្នាំរស់នៅភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងបាត់ដំបង ក៏បានអះអាងថាខ្លួនត្រូវជនសង័្សយប្រេីកាំបិតគំរាមប្លន់យកកាបូបដែលមានប្រាក់ដុល្លានិងគ្រឿងអលង្កការផងប្រមាណជាជាង២.០០០ដុល្លា(ពីរពាន់ដុល្លា)នាថ្ងៃដដែលនេះ។
ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងបណ្តាញព័ត៌មានស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិ ក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម មាស ចន័្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដឹកនាំលោកវរសេនីយ៍ឯក កោ ស៊ុនកាំង លោកវរសេនីយ៍ឯក ចៀក ថានិន កម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯកពេជ្រ សារ៉ែនជាអធិការធ្វើការស្រាវជ្រាវពិនិត្យកន្លែងកេីតហេតុដោយយកចិត្តទុកដាក់និងប្រកបដោយជំនាញចាប់ពីពេលដំបូងរហូតមកដល់ថ្ងៃទី៧ ខែ កុម្ភៈឆ្នាំ ២០២៦នេះទើបទទួលលទ្ធផលថា៖
១-ករណីដែលថាចោរប្លន់មាសចំនួន៥៥ដំឡឹងគឺជារឿងប្រឌិតរបស់ឈ្មោះអ៊ុំ សុខចំរេីន តែម្នាក់ឯងដោយការពិតខ្លួនយកមាសរបស់ឪពុក ម្តាយនេះទៅសងបំណុលគេព្រោះជំពាក់រឿងចាញ់ល្បែងអនឡាញ។
២-ករណីដែលថាចោរប្លន់យកប្រាក់និងគ្រឿងអលង្កការនោះគឺជារឿងប្រឌិតរបស់ស្រ្តីឈ្មោះមៀន ម៉ារិយា ព្រោះ ខ្លួនខឹងនឹងប្តីរបស់ខ្លួនមានប្រពន្ធចុងទេីបប្រឌិតរឿងបែបនេះដេីម្បីឱ្យប្តីគឹតគូរមករកខ្លួនវិញ។
ជាសរុបមកករណីដែលផ្សព្វផ្សាយថាមានករណីចោរប្លន់យកមាសនិងប្រាក់ទាំងកណ្តាលថ្ងៃនៅក្រុងបាត់ដំបងទាំង០២ករណីនេះ គឺជារឿងប្រឌិតទាំងស្រុង ដែលការពិតគឺមិនមានករណីចោរប្លន់នេះកើតមាននោះទេ។
ទោះជាបែបនេះក្តីសមត្ថកិច្ចនគរបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសាមីខ្លួនដែលបានប្រឌិតព័ត៌មាន នេះឡើងបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យការងារសន្តិសុខសង្គមនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ទទួលរងនូវភាពស្រអាប់បង្កការភ័យខ្លាចដល់មហាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលលោកមានបំណង មកកាន់ខេត្តបាត់ដំបង ព្រោះតែព័ត៌មានបំពុលសង្គមបែបនេះ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន និងបន្តចូលរួមសហការជាមួយសមត្ថកិច្ចនគរបាល សូមចូលរួមប្រឆាំងដាច់ខាតជាមួយនឹងព័ត៌មានក្លែង ក្លាយព័ត៌មានប្រឌិតដែលផ្ទុយពីការពិត៕រក្សាសិទ្ធដោយ៖សុទ្ធលី














