Monday, February 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីទាហានម្នាក់ស្រែកយំបានត្រឹមតែកាន់ប្លង់រឹង៦ឆ្នាំហើយតែឥឡូវដីបាត់ហើយ, អភិបាលខេត្តកំពត បានអញ្ជើញចុះសម្របសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីមួយនេះ ដែលពាក់ព័ន្ធនឹងការសាងសង់ផ្ទះនៅលើដីអ្នកដទៃ

កំពត ៖ ទាហានជួរមុខម្នាក់យំស្រែកលែងខ្មាស់គេហើយដោយសារមកពីច្បាំងវិញស្រាប់តែបាត់ដីដែលមានប្លង់រឹងឈឹងតែម្តង! បានត្រឹមតែកាន់ប្លង់រឹង៦ឆ្នាំហើយតែឥឡូវដីបាត់បាត់ហើយ។ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះសម្របសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីមួយ ដែលពាក់ព័ន្ធនឹងការសាងសង់ផ្ទះនៅលើដីអ្នកដទៃ។

វិវាទនេះបានកើតឡើងដោយសារកំហុសឆ្គងបច្ចេកទេសនៃការកាន់កាប់ដីឡូតិ៍ខុសប្លង់តៗគ្នាចាប់តាំងពីម្ចាស់មុនៗ ដោយសារម្ចាស់ដីមិនបានស្នើសុំមន្ត្រីជំនាញសុរិយោដីឱ្យចុះមកកំណត់ និងបោះបង្គោលព្រំក្បាលដីឱ្យបានត្រឹមត្រូវតាមប្លង់ឡើយ ពោលគឺការចូលកាន់កាប់ និងសាងសង់ គឺធ្វើឡើងតែតាមការចង្អុលបង្ហាញពីភាគីម្ចាស់ដីដែលបានលក់ឱ្យតែប៉ុណ្ណោះ។

ក្នុងស្មារតីយោគយល់ និងដើម្បីបញ្ចប់ទំនាស់ដែលអូសបន្លាយនេះ ឯកឧត្តមអភិបាលខេត្តបានដឹកនាំការសម្របសម្រួលរហូតឈានដល់ការព្រមព្រៀងគ្នា ដោយភាគីខាងម្ចាស់សំណង់យល់ព្រមទិញដីពីភាគីម្ចាស់ដីដើម្បីបញ្ចប់វិវាទជាស្ថាពរ។ ក្នុងនាមជាមេគ្រួសារខេត្តដែលតែងតែគិតគូរពីសុខទុក្ខរបស់កូនចៅ ឯកឧត្តម ម៉ៅ ធនិន ក៏បានចូលរួមបដិភាគថវិកាផ្ទាល់ខ្លួនចំនួន ៣,០០០ ដុល្លារ បន្ថែមជូនទៅកាន់ភាគីដែលព្រមលក់ដី ដើម្បីជាការសម្រាលបន្ទុក និងបញ្ចប់វិវាទដោយគោលការណ៍ឈ្នះ-ឈ្នះ។ ការដោះស្រាយប្រកបដោយមេត្តាធម៌ និងភាពយុត្តិធម៌នេះ បានធ្វើឱ្យភាគីទាំងសងខាងមានសេចក្តីត្រេកអរ និងពេញចិត្តយ៉ាងខ្លាំង ដែលនេះជាការបង្ហាញនូវប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំខេត្ត។ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×