ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការបន្តការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរំលោភបំពានរបស់ថៃ ស្របនឹងជំហរសហគមន៍អន្តរជាតិដែលជំរុញឱ្យដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធី៖
ទី១៖ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានសម្តែងការតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដោយបានជំទាស់យ៉ាងដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់។
លិខិតតវ៉ានោះបានបញ្ជាក់ថា ទីតាំងដែលថៃបានដាក់ទូរកុងតឺន័រទាំងនោះស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុងដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ចំណែកឯការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែលកាន់កាប់ដោយកងកម្លាំងថៃតាមមធ្យោបាយយោធា ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សកម្មភាពទាំងនេះបានរារាំងបន្ថែមទៀតដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយវាជាការប៉ុនប៉ងដោយចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង នៅក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែលជាការរំលោភលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ទី២៖ ក្រសួងវប្បធម៌ និងវិចិត្រលិល្បៈកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែរក៏បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលថា ប្រាសាទតាក្របីនិងតំបន់ប្រាសាទតាមាន់ស្ថិតក្នុងដែនអធិបតេយ្យរបស់ថៃ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រទាំងនេះស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាទាំងស្រុង ដូចមានកំណត់ច្បាស់ក្នុងអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង១៩០៧ ដែលមានផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយ ហើយក៏ដូចគ្នាជាមួយនឹងមូលដ្ឋានផ្លូវច្បាប់ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានប្រើកាលពីឆ្នាំ១៩៦២ ដើម្បីកាត់ក្តីសំណុំរឿងប្រាសាទព្រះវិហារដែរ។
ដូច្នេះ ការទាមទារដោយប្រើផែនទីឯកតោភាគីដែលច្បាប់អន្តរជាតិមិនទទួលស្គាល់គ្មានតម្លៃផ្លូវច្បាប់ដែលអាចមកលុបលើសន្ធិសញ្ញាទ្វេភាគីបានឡើយ។ រីឯការងារជួសជុលណាមួយដែលគ្មានការយល់ព្រមពីប្រទេសកម្ពុជា គឺជាការរំលោភលើ MOU ឆ្នាំ2000 ក៏ដូចជាការមើលស្រាលដល់ស្មារតីសហប្របត្តិការអាស៊ាន។ ចំណែកឯការដណ្តើមកាន់កាប់ទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ដោយកម្លាំងយោធាត្រូវបានហាមឃាត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ។
ទី៣៖ ក្រៅពីអនុសញ្ញា សន្ធិសញ្ញា និងឯកសារ ផែនទី ដ៏មានតម្លៃនិងត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលជាមរតកបន្សល់ពីសម័យអាណាព្យាបាលកម្ពុជានិងថៃ ក៏មានកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាកិច្ចព្រមព្រៀងចុងក្រោយមួយដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះខណ្ឌ័សីមាព្រំដែន (JBC) ដើម្បីបន្តការងាររបស់ខ្លួន ដើម្បីវាស់វែងខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ។
ទី៤៖ សហគមន៍តំបន់ និងអន្តរជាតិសុទ្ធតែសម្តែងការគាំទ្រពេញទំហឹងចំពោះបទឈប់បាញ់ និងជំរុញឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយចៀសវាងការប្រើកម្លាំង ពោលគឺសហគមន៍អន្តរជាតិកំពុងការពារច្បាប់អន្តរជាតិ ក្នុងនោះក៏មានព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃផងដែរ។ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្ទាន់ ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធីតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ស្របតាមគោលបំណងរបស់សហគមន៍តំបន់ និងអន្តរជាតិដែលចង់បាន។
ទី៥៖ កម្ពុជាប្តូរផ្តាច់ការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


