ទីស្ដីការក្រសួង៖ នារសៀលថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីប្រជុំពិភាក្សា និងពិនិត្យលើរបាយការណ៍បឋមនៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងក្រុមហ៊ុន Nippon Koei, JR West, JR-Freight, KRC, KYOSAN និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជួបប្រជុំពិនិត្យពិភាក្សាកម្រិតថ្នាក់ដឹកនាំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងអ្នកជំនាញដែលពាក់ព័ន្ធ លើរបាយការណ៍បឋមនៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែម ធ្វើយ៉ាងណាធានាឱ្យបានថាកិច្ចការនេះ មានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុនចេញរបាយការណ៍ផ្លូវការចុងក្រោយ។
បន្ថែមពីលើនេះ លោកជំទាវ និងឯកឧត្តមសហប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងអ្នកជំនាញមកពី JICA ដែលបានចូលរួមសហការក្នុងការជំរុញ និងការស្វះស្វែងយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារនេះសម្រេចបានជាលទ្ធផលល្អ និងបន្តកិច្ចសហការជាមួយក្រុមការងារទាំងអស់បន្ថែមទៀត ដើម្បីជំរុញឱ្យការសិក្សាស្រាវជ្រាវទទួលបានជោគជ័យ សំដៅលើកកម្ពស់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងវិញវិស័យផ្លូវដែកនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី









