ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានប្រាប់ដល់ដល់អាជីវករ ទាំងអ្នកនាំចូល និងអ្នកលក់បន្ដ ត្រូវបញ្ឈប់ និងរក្សាទុកជាបណ្តោះអាសន្ន ចំពោះផ្លែក្រូច ដែលមានសញ្ញាជាតិ ឬព្រះរាជសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនដំណឹង បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ តាមរយៈការអនុវត្ត សកម្មភាពចុះអង្កេតទីផ្សាររបស់ខ្លួន និងដោយទទួលបានសេចក្តីរាយការណ៍ ពីសាធារណជន ដែលជាអ្នកប្រើប្រាស់ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា មានអាជីវករមួយចំនួន បានដាក់តាំងលក់នូវផលិតផល ដែលមានបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្នា និង/ឬត្រាប់តាម ឬមានចំណុចណាមួយ ដូចសញ្ញាជាតិ ឬព្រះរាជសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ បុគ្គលប្រព្រឹត្តល្មើស ត្រូវទទួលទណ្ឌកម្ម និងការពិន័យយ៉ាងធ្ងន់ធ្ងរ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្នុងគោលបំណង ដើម្បីលើកកម្ពស់តម្លៃនៃសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបជាតិ ដែលការពារដោយច្បាប់ ធានានូវការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មោះត្រង់ នៅលើទីផ្សារ ព្រមទាំងអនុលោមភាពនៃការប្រើប្រាស់ម៉ាកសញ្ញា សម្រាប់បំពាក់លើផលិតផល អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំ ដូចខាងក្រោម៖
- ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ចែកចាយបន្ត៖ ត្រូវបញ្ឈប់ការលក់ចែកចាយ ព្រមទាំងរក្សាទុកជាបណ្តោះអាសន្ន នូវផលិតផលដែលមានបំពាក់ម៉ាក ឬរូបសញ្ញាខាងលើ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដានស្វែងរកប្រភពផលិត នាំចូលចែកចាយនូវផលិតផលទាំងនោះ។
- ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូលលក់ និងចែកចាយ៖ ត្រូវបញ្ឈប់ការនាំចូល លក់ចែកចាយ នូវផលិតផលដែលមានបំពាក់ម៉ាក ឬរូបសញ្ញាខាងលើជាបន្ទាន់ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនីតិវីធីបន្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
- ចំពោះអ្នកប្រើប្រាស់ និងសាធារណជន៖ សូមជៀសវាងការទិញ នូវផលិតផលដែលមានបំពាក់ម៉ាក ឬរូបសញ្ញាខាងលើ ព្រមទាំងផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីមានចំណាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី



