Friday, February 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋលេខាធិការក្រសួងកសិកម្ម ត្រូវពង្រឹងការផ្តល់សេវាបច្ចេកទេសជូនកសិករឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា ជំរុញការចងក្រងជាសហគមន៍ និងភ្ជាប់ទីផ្សារ-តម្លៃ សម្រាប់ផលិតផល !

អ្វីដែលជាការព្រួយបារម្ភរបស់ក្រសួងកសិកម្ម ក៏ដូចជាប្រជាកសិករ គឺការផលិតបានហើយ រកទីផ្សារមិនបាន ឬតម្លៃទាបមិនសមហេតុផល, លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំមន្ត្រីពាក់ព័ន្ធ ត្រូវជំរុញការតភ្ជាប់ទីផ្សារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដែលបង្កើតជាចង្វាក់ផលិតកម្ម ចងក្រងជាសមាគម សហគមន៍កសិកម្មទំនើប។

លោក ហាស់ សារ៉េត ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសរូបលោក តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសាលាខេត្តព្រៃវែង។ ក្នុងវេលានេះ លោក ហាស់ សារ៉េត ផ្តាំផ្ញើទៅកាន់មន្ទីរកសិកម្មខេត្តនានា ជាពិសេសមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបន្តពង្រឹងការផ្តល់សេវាបច្ចេកទេសជូនកសិករឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីភ្ជាប់ទីផ្សារទៅកសិករ។

ចាត់ទុកជាមោទនភាពផងដែរ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានលើកឡើងថា ខេត្តព្រៃវែងនៅតែបន្តរក្សាតំណែងជា «ជង្រុកស្រូវ» យ៉ាងរឹងមាំ, ផលិតកម្មស្រូវបានអនុវត្តដាំដុះលើផ្ទៃដីជាង ៤៦ម៉ឺនហិកតា ទទួលបានបរិមាណផលជិត ២លានតោន ក្រៅពីកាត់១៣% សម្រាប់ទុកពូជ ចិញ្ចឹមសត្វ និងហូបចុក តុល្យភាពស្បៀងស្រូវនៅសល់សម្រាប់លក់ទៅតាមបណ្ដារោងម៉ាស៊ីន ក្នុងស្រុក និងលក់ទៅប្រទេសវៀតណាមឆ្នាំ២០២៥កន្លងទៅ។
លោកប្រធានមន្ទីរកសិកម្ម បានបន្តថា តាមរយៈកិច្ចសហការរវាងគយ និងរដ្ឋាករ បានកត់តា្រស្ថិតិស្រូវនាំចេញទៅប្រទេសវៀតណាមបានជិត ៤លានតោន រួមទាំងស្រូវឆ្លងកាត់ គិតជាទឹកប្រាក់ប្រមាណ ៦៤០លានដុល្លារ។ ការនាំចេញផ្លែស្វាយស្រស់ នាំចេញបានជិត ២ម៉ឺនតោន ទទួលបានចំណូល ៣០លានដុល្លារ។

សរុបមកវិញ វិស័យកសិកម្មធំណាស់ និងមានវិសាលភាពច្រើនបែបយ៉ាង ដូចជា ដំណាំយុទ្ធសាស្ត្រ ពោត ស្រូវ ដំឡូង … ដំណាំជាច្រើនទៀត, ការចិញ្ចឹមសត្វ គោ ក្របី ជ្រូក មាន់ ទា … សុទ្ធតែត្រូវទទួលបាននូវប្រាក់ចំណូល ប៉ុន្តែទាមទារឲ្យប្រជាកសិករត្រូវមានបច្ចេកទេស ប្រមូលផ្ដុំ ឬចងក្រងជាសហគមន៍ កសិកម្មទំនើប ងាយស្រួលក្នុងការជួយគ្នា ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេស និងដើមទុន ដូច្នេះហើយ ទើបលោករដ្ឋលេខាធិការ ហាស់ សារ៉េត លើកឡើងជាយុទ្ធសាស្ត្រសម្រាប់ប្រាក់ចំណូលដល់ប្រជាកសិករ គឺ

ត្រូវបន្តពង្រឹងការផ្តល់សេវាបច្ចេកទេសជូនកសិករឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា ជំរុញការចងក្រងជាសហគមន៍ និងភ្ជាប់ទីផ្សារ-តម្លៃ សម្រាប់ផលិតផល៕ ពិសិដ្ឋ CEN

×