Saturday, February 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាគីស្ថាន នឹងបង្កើនការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍រួម ខណៈប៉ាគីស្ថានកំពុងមានបំណងបង្កើតរោងចក្រឱសថ និងបរិក្ខារសុខាភិបាលនៅកម្ពុជា !

ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដឹកនាំដោយ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកការរីកចម្រើនផ្នែកធុរកិច្ចជន ក៏ដូចជាសេដ្ឋកិច្ច, មកដល់រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា  ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងប៉ាគីស្ថាន ហើយបានបង្កើនភាពជឿទុកចិត្តគ្នាទៅវិញទៅមក ដោយភាគីទាំងពីរបានប្ដេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដើម្បីជាឧត្តមប្រយោជន៍រួម។

លោក ប៉ែន សុវិជាតិ ថ្លែងឲ្យដឹងថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំប៉ាគីស្ថាន ជាពិសេសសមភាគី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ជាបន្តបន្ទាប់ជួបជាមួយក្រុមមន្ត្រី សហព័ន្ធសភាពាណិជ្ជកម្ម ឧស្សាហកម្ម និងធុរកិច្ចជនប៉ាគីស្ថាន, លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានបង្ហាញពីការប្ដេជ្ញាចិត្ត ប្រឹងប្រែងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-ប៉ាគីស្ថាន។

តាមរយៈ លោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា ភាគីទាំងពីរ កម្ពុជា-ប៉ាគីស្ថាន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ គឺ ៖

១- អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មនៃប៉ាគីស្ថាន , និង

២- សេចក្ដីថ្លែងការណ៍រួម ស្ដីពីការចាប់ផ្ដើមចរចាកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន។

ជាមួយនឹងជំនួបពង្រីកវិស័យពាណិជ្ជកម្ម សមាគមក្រុមហ៊ុនផលិតឱសថប៉ាគីស្ថាន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគបង្កើតរោងចក្រផលិតឱសថ និងបរិក្ខារសុខាភិបាលនៅកម្ពុជា និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញ ហើយក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្ត ឱ្យមករៀបចំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទទួលបានការលើកទឹកចិត្តផ្សេងៗ ហើយការកសាងរោងចក្រផលិត និងវេចខ្ចប់នេះ គឺអាចបម្រើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារអាស៊ាន អាសិប និងទីផ្សារដទៃទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក ក៏ដូចជាប្រព័ន្ធអនុគ្រោះផ្សេងៗ ដែលកម្ពុជាអាចប្រើប្រាស់បាន៕ ពិសិដ្ឋCEN

×