Saturday, February 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអប់រំ ដាក់ចេញជាទិសដៅយុទ្ធសាស្ត្រ ៤ ចំណុច ដូចជា អនុវត្តស្តង់ដារសាលារៀនគំរូ គន្លងអប់រំថ្មីអភិវឌ្ឍមូលធនមនុស្ស និងវិធានការលើកកម្ពស់គុណភាព គ្រូ និងសិស្ស !

ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៥-២០២៦ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបន្តកែលម្អប្រព័ន្ធអប់រំកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសការបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអន្តរជាតិ ស្របតាមប្រធានបទរបស់សន្និបាតអប់រំ «គន្លងអប់រំថ្មី ប្រកបដោយបរិយាបន្ន និងភាពធន់» , លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញជាទិសដៅយុទ្ធសាស្ត្រ ៤ចំណុច ក្នុងនោះ មានដូចជា ស្តង់ដារសាលារៀនគំរូ , គន្លងអប់រំថ្មីអភិវឌ្ឍមូលធនមនុស្ស ជាដើម។

យុទ្ធសាស្ត្រទាំង ៤ ចំណុច របស់រដ្ឋមន្ត្រីក្រសួងអប់រំ រួមមាន ÷

ទី១៖ ការអនុវត្តស្តង់ដារសាលារៀនគំរូ ដើម្បីកំណើនសិស្សគ្រប់ភូមិសិក្សា និងលទ្ធផលសិក្សារបស់សិស្ស៖ ចងក្រងឧត្តមានុវត្តន៍នៃការអនុវត្តស្តង់ដារសាលាគំរូកន្លងមក, បង្កើតសម្ព័ន្ធមេត្រីភាពសាលារៀនគំរូ និងសាលារៀននៅក្នុងតំបន់ជិតគ្នា, ពង្រឹងសមត្ថភាពនាយកសាលា ដើម្បីផ្សារភ្ជាប់ការអនុវត្តស្តង់ដារសាលារៀនគំរូ ជាមួយនឹងលទ្ធផលសិក្សារបស់សិស្ស ជាពិសេសឆ្លើយតបនឹងតេស្តកម្រិតតំបន់ និងអន្តរជាតិ (SEA-PLM & PISA)។

ទី២៖ ការអនុវត្តគន្លងអប់រំថ្មី ដើម្បីរក្សាសិស្ស និងអភិវឌ្ឍមូលធនមនុស្សស្របតាមសមត្ថភាព និងឧប្បនិស្ស័យ ៖ ផ្តល់ការតម្រង់ទិសសិស្សចាប់ពីថ្នាក់ទី៧ និងការបែងចែកគន្លងសិក្សាចាប់ពីថ្នាក់ទី១០, រៀបចំសេចក្តីណែនាំ ស្តីពី នីតិវីធីជ្រើសរើសសិស្សចូលរៀនក្នុងគន្លងអប់រំនីមួយៗ និងសិក្សា និងវាយតម្លៃលើស្ថានភាពនៃកាអនុវត្តសាកល្បងគន្លងអប់រំថ្មី ដោយផ្តោតលើ ការកែលម្អកម្មវីធីសិក្សា តម្រូវការគ្រូបង្រៀន ការបង្រៀន និងរៀន និងកិច្ចសហការជាមួយវិស័យឯកជន។

ទី៣៖ វិធានការលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅបឋមសិក្សា និងការឆ្លើយតបនឹងលទ្ធផល SEA-PLM ៖ ការកែលម្អការត្រៀមខ្លួនសិក្សារបស់កុមារ តាមរយៈការអប់រំកុមារតូច, ការផ្តោតលើអំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង, ការកែលម្អអភិបាលកិច្ចសាលារៀននៅកម្រិតបឋមសិក្សា, ការកែលម្អកម្មវិធីសិក្សា និងម៉ោងបង្រៀន, ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងការអនុវត្តការបង្រៀន, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិក្ខារសាលារៀន, ការលើកកម្ពស់សុខភាពសិក្សា និងអាហារូបត្ថម្ភនៅតាមសាលារៀន។

ទី៤៖ វិធានការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សមធ្យមសិក្សា និងការឆ្លើយតបនឹង PISA ៖ ការបង្កើនការចូលរៀននៅមធ្យមសិក្សា, ការពង្រឹងមូលដ្ឋានគ្រឹះនៃការសិក្សានៅបឋមសិក្សា, ការកែលម្អកម្មវិធីសិក្សា, ការពង្រឹងការអនុវត្តក្នុងថ្នាក់រៀន, ការពង្រឹងសមត្ថភាពគ្រូបង្រៀន, ការគ្រប់គ្រងគ្រូបង្រៀនជាយុទ្ធសាស្ត្រ, ការលើកកម្ពស់សមធម៌ក្នុងការអប់រំនៅមធ្យមសិក្សា, ការពង្រឹងប្រព័ន្ធវាយតម្លៃ និងអធិការកិច្ច, ការលើកកម្ពស់ភាពជាអ្នកដឹកនាំសាលារៀន, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងរៀន និងការជំរុញការចូលរួមរបស់មាតាបិតា និងសហគមន៍ ក្នុងការអប់រំ ដោយពង្រឹងយន្តការនៃ ការចូលរួមរបស់មាតាបិតា និងសហគមន៍ ក្នុងការងារអភិវឌ្ឍសាលារៀន និងការសិក្សារបស់សិស្ស៕ ពិសិដ្ឋ CEN

×