Thursday, February 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តចុះពិនិត្យការស្ថាបនាប្រព័ន្ធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម សម្រេចបានប្រមាណ៨៣%

ខេត្តកំពង់ចាម: ដើម្បីលើកកម្ពស់សោភ័ណភាពនិងការអភិវឌ្ឍពីមួយអាណត្តិទៅមួយអាណត្តិដើម្បីប្រយោជន៍សាធារណៈ។ជាមួយនោះការស្ថាបនាប្រព័ន្ធលូព្រមទាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅជាយក្រុងកំពង់ចាម ធ្វើយ៉ាងណាឱ្យរួចរាល់មុនផែនការកំណត់។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងសហការី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន មន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាព ដែលគិតរហូតមកដល់ពេលនេះគឺសម្រេចបានប្រមាណ៨៣% ។

លោក ជុំ លីនដា ប្រធានវិស្វករនៃក្រុមហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុបខូអិលធីឌី បានបញ្ជាក់ជូនថា :គម្រោងដែលបានអនុវត្តរួចរាល់ នឹងកំពុងបន្ត រួមមានៈ
១-ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង
២-ការងារស្ថានីយបូមរំដោះទឹកភ្លៀង ទឹកជំនន់ក្នុងក្រុង
៣-ការងារសាងសង់ស្ថានីយបូម បឋមទី១ទី២និងស្ថានីយមេ
៤-ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់
៥-ការងារដំឡើងបំពង់ទុយោទឹកស្អុយទាំងបីប្រភេទ
៦-ការងារជួសជុលផ្លូវកៅស៊ូ AC។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងមន្ត្រីជំនាញ មានការរំពឹងទុកថា នៅពេលគម្រោងខាងលើបានបញ្ចប់ជាស្ថាពរនោះ ក្រុងកំពង់ចាម នឹងមិនមានការលិចលង់ ដោយសារកត្តាទឹកភ្លៀងទៀតនោះទេ។ ក្រៅពីនោះ ទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម ទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិនឲ្យហូរពាសវាលពាសកាលចូលទៅចូលក្នុងទន្លេទៀតដែរ ពោលគឺ ត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិ។

គួររំលឹកថាក្នុងកិច្ចប្រជុំនានានៅសាលាខេត្តឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ដោយលើកឡើងថា សូមថ្លៃងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ នូវផលប៉ះពាល់ខ្លះពីការអភិវឌ្ឍនេះ ហើយឯកឧត្តម សង្ឃឹមជឿជាក់ថានៅប៉ុន្មានខែខាងមុខនេះ ក្រុងរបស់យើងនឹងប្រែមុខមាត់ថ្មី ជាទីក្រុងសុីវីល័យ ក្រុងវ័យឆ្លាត សំខាន់គឺសូមឱ្យពលរដ្ឋមានភាពខន្តី។

គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចី ក្រោមកម្ចីហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវតត្តដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ដោយផ្អែកតាមកិច្ចសន្យា គម្រោងនេះ អនុវត្តការសាងសង់ រយៈពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២២ រហូតដល់បំណាច់ខែ ឧសភា ២០២៦ ។ពេលដែលក្រុងកំពង់ចាម មានភាពស្រស់ស្អាតនោះនិងមានការទាក់ទាញភ្ញៀវមកលេងកាន់តែច្រើនឡើង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×