ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំងមន្ត្រីខណ្ឌ សង្កាត់ ភូមិ យុវជនសហភាពសហព័ន្ធយុវវជនកម្ពុជាសង្កាត់ ក្រុមការងារកាកបាទក្រហមកម្ពុជាសង្កាត់ បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណៈភាពក្នុងហេតុការណ៍គ្រោះអគ្គីភ័យ កាលពីវេលាម៉ោង១១យប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញ ស្ថិតចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សចំនួន៤នាក់ និងរងរបួស៥នាក់។ បច្ចុប្បន្នសពទាំងអស់បានតំកល់ទុកនៅវត្តទួលអស់លោក រងចាំធ្វើកោសលវិច្ច័យរួចក្រុមគ្រួសារ នឹងយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសពទាំងអស់ សូមឲ្យក្រុមគ្រួសារនៃសព ត្រូវពង្រឹងស្មារតីខិតខំប្រឹងប្រែងកសាងជីវភាពឡើងវិញដោយមិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។ លោកអភិបាល ក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កគ្រោះ អគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការបាត់បង់អាយុជីវិត រងរបួស បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក ជាដើម។ល។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានចូលរួមឧបត្ថម្ភដល់គ្រួសារនូវថវិកាមួយចំនួនផងដែរ ។
បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ២២:២០នាទីយប់ ថ្ងៃព្រហស្បតិ៍្ត ៣កេីត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋាន មួយកន្លែង កេីតឡេីងនៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ: សន សុខឃីម ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់នំខេក។
មូលហេតុនៃករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ ប្រភេទសំណង់: ផ្ទះល្វែង ២ល្វែង ថ្មបេតុង ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) ដែលបានរងនូវការខូចខាតសម្ភារផ្ទះល្វែង ៣ល្វែង ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) អស់ទាំងស្រុង និងសម្ភារៈប្រេីប្រាស់ប្រចាំថ្ងៃទាំងស្រុង និងបណ្តាលឲ្យស្លាប់មនុស្ស ចំនួន០៤នាក់ (ប្រុស០១នាក់ ស្រី០៣នាក់) និងរបួសមនុស្សចំនួន០៥នាក់ (ស្រី០១នាក់រងរបួសធ្ងន់, ប្រុស០៣នាក់ ជាក្រុមជំនួយស្ម័គ្រចិត្ត)។
សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៧៦ឡាន ស្មើនឹង ១០៥៦ម៉ែត្រគូប ។ រថយន្តជំនួយ រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មេីរនឹង១៦ម៉ែត្រគូប។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង១២ម៉ែត្រគូប។ ពន្លត់ចប់ នៅម៉ោង ២និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែឆ្នាំដដែល៕ រក្សាសិទ្ធដោយ៖សុទ្ធលី









































