Friday, February 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​សារ​ព័ត៌មាន​អន​ឡា​ញ​ពីរ​រូប​ត្រូវ​បាន​ផ្តន្ទាទោស​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​ ​ដោយ​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​១​៤​ ​ឆ្នាំ​ ​ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​ព្រំដែន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​

ភ្នំពេញ ៖ សាលាដំបូងខេត្តសៀមរាបបានសម្រេចផ្តន្ទាទោសទៅលើអ្នកសារព័ត៌មានពីររូប រួមមាន ផន សុភាព និងលោក ភាព ភារ៉ា ពីបទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារជាតិ” តាមបញ្ញតិ្តមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ។” អ្នកទាំងពីរត្រូវបានតុលាការផ្តន្ទាទោសដោយដាក់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ កាលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥ ដោយការផ្តន្ទាទោសនេះ គឺជិតដល់ចំនួនអតិបរមានៃចំនួនទោសរយៈពេល ១៥ ឆ្នាំចំពោះបទចោទពាក់ព័ន្ធនឹងអំពើក្បត់ជាតិនេះ ។ លោក សុភាព និងលោក ភារ៉ា នៅតែបន្តឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត សៀមរាបដដែល ។ នេះបើតាមការចេញផ្សាយរបស់អង្គការលីកាដូ នៅថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

អ្នកសារព័ត៌មានទាំងពីររូបនេះ បានធ្វើការរាយការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ២០២៥ ឱ្យសារព័ត៌មានអនឡាញ ធីអេសភី ៦៨ ធីវីអនឡាញ និង បាត់ដំបងប៉ុស្តិ៍ TV Online ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាបដែលចេញផ្សាយថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបង្ហាញបទចោទចំពោះអ្នកសារព័ត៌មានទាំងពីរ គឺពាក់ព័ន្ធការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នៅខណៈពេលអ្នកទាំងពីរធ្វើការក្នុងខេត្តឧត្តរមានជ័យ នៅជិតព្រំដែនកម្ពុជា-ថៃ អំឡុងថ្ងៃទី ២៥ ដល់ ៣១ ខែកក្កដា ឆ្នាំ២០២៥ ។

លោក ភារ៉ា និងលោក សុភាព ត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងគ្នានៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ក្រោយត្រឡប់ពីធ្វើបទយកការណ៍ពីបញ្ហាព្រំដែនវិញ ។ មុនការចាប់ខ្លួន អ្នកសារព័ត៌មានទាំងពីរនេះ ត្រូវបានគេឃើញថតជាប់ជាមួយនឹងទាហានកម្ពុជានៅពីមុខប្រាសាទតាក្របី ក្នុងរូបថតមួយសន្លឹក ដែលរូបភាពនោះត្រូវបានថតក្រោយពីបទឈប់បាញ់នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ។ រូបភាពទាំងនោះត្រូវបានគេយកបង្ហោះចែកចាយឡើងវិញដោយសារព័ត៌មានថៃ ដោយមានរូបភាពមីន នៅផ្ទៃខាងក្រោយដែលមិនបញ្ជាក់ទីតាំង ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×