Friday, February 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុង ការលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការពង្រឹងការបង្ក្រាបនៅទូទាំងប្រទេស

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើបទបង្ហាញជូនអង្គទូតនៅរាជធានី ភ្នំពេញ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា។ កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្ដែងការកោតសរសើរដល់ស្ថាន បេសកកម្ម និងដៃគូបរទេស ចំពោះការបន្តចូលរួម និងគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដែលបានពង្រីកនូវវិសាលភាព និងភាពស្មុគស្មាញ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មនេះគឺជាក្តី កង្វល់សកល ទាមទារការចូលរួមរបស់រាជរដ្ឋាភិបាលនៅគ្រប់កម្រិត និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុង ការលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការពង្រឹងការបង្ក្រាបនៅទូទាំងប្រទេស ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបង្កើតឡើងនៅដើមឆ្នាំមុន ដើម្បីធានានូវប្រសិទ្ធភាពនៃយុទ្ធនាការនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអង្គទូតអំពីវឌ្ឍនភាពដែលសម្រេចបានចាប់ តាំងពីឆ្នាំកន្លងទៅ ដោយបានលើកឡើងអំពីការបង្ក្រាបប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសបានចំនួន២០០ករណី និងបានចាត់វិធានតាមផ្លូវច្បាប់ចំពោះមេខ្លោង និងអ្នកសមគំនិតដែលមានជាតិសាសន៍ចម្រុះបានប្រមាណ៥០០នាក់។ អាជ្ញាធរបានឆ្មក់ចូលបង្ក្រាបទីតាំងជាច្រើនកន្លែង និងបានដកហូតវត្ថុតាងឌីជីថលជាច្រើន ក្រោមការគាំទ្រជាជំនួយបច្ចេកទេសពីដៃគូអន្តរជាតិ។

ខណៈដែលសកម្មភាពបង្ក្រាបទាំងនេះបានឈានដល់ការបណ្ដេញជនបរទេសប្រមាណជាង ៨,០០០នាក់ពីប្រទេសកម្ពុជា អាជ្ញាធរកម្ពុជាកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការផ្ដល់កន្លែងស្នាក់នៅបណ្តោះ អាសន្នសម្រាប់ជនបរទេសជាច្រើនទៀត ដែលត្រូវការឯកសារធ្វើដំណើរ និងការគាំទ្រដល់ការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេទៅកាន់ប្រទេសកំណើតវិញ។ ឯកឧត្តមបានកត់សម្គាល់បន្ថែមទៀតថា បណ្ដាញឧក្រិដ្ឋជន បានសម្របខ្លួនដោយពង្រាយប្រតិបត្តិការទៅជាកន្លែងតូចៗ ឬតាមលំនៅដ្ឋាន ដែលបង្កើតជាបញ្ហាប្រឈមថ្មី ក្នុងការបង្ក្រាប។ ការស៊ើបអង្កេតនៅតែបន្ត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងតាមដានលំហូរហិរញ្ញវត្ថុ និងកំចាត់ បណ្តាញលាងលុយ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឆ្លើយតបទៅនឹងភាព ចន្លោះប្រហោងផ្នែកច្បាប់ កម្ពុជាកំពុងដំណើរការអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅពង្រឹងនិរន្តរភាព ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ អំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា និងដៃគូបរទេសនានា រួមមាន ប្រទេសចិន វៀតណាម សាធារណរដ្ឋកូរ៉េ ជប៉ុន ឥណ្ឌា អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងការិយាល័យអង្គការសហ ប្រជាជាតិប្រឆាំងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជាដើម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន អំពាវនាវឱ្យបន្តការគាំទ្រលើផ្នែកការកសាងសមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន និងកិច្ច ខិតខំប្រឹងប្រែងរួមក្នុងការធ្វើមាតុភូមិនិវត្តន៍។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្ដែងសុទិដ្ឋិនិយមថា តាមរយៈការប្ដេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ ប្រតិបត្តិការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានឹងត្រូវបានលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ កិច្ចប្រជុំបានបិទបញ្ចប់ជាមួយវេទិកាសំណួរ-ចម្លើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×