Saturday, February 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមជា វុទ្ធី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)

ភ្នំពេញ ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញដឹកនាំសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគីរវាងស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានរំលឹកផងដែរអំពីកំណើនគួរឱ្យកត់សម្គាល់នៃការវិនិយោគពីសាធារណរដ្ឋកូរ៉េចាប់តាំងពីការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េ ស្តីពីការជំរុញ និងការការពារវិនិយោគ នៅឆ្នាំ១៩៩៩។ ទោះជាយ៉ាងណា ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ទុះនៃការវិនិយោគពីកូរ៉េមានការថយចុះ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកផ្សព្វផ្សាយពីបរិយាកាសវិនិយោគកម្ពុជា និងជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគិនកូរ៉េឱ្យត្រឡប់មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងការដាក់ចេញនូវយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានរៀបចំចំនួន ២លើករួចមកហើយ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិន។

ជាការឆ្លើយតប លោក Joo Bong Park បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានលើកឡើងថាកម្ពុជាជាប្រទេសកំណើតទី២របស់លោក។ ក្នុងន័យនេះ លោកប្រធាននឹងខិតខំជំរុញឱ្យធុរជនក្នុងទីក្រុង Incheon ដែលជាទីក្រុងធំទី២ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម និងភស្តុភារកម្មដ៏មានសក្តានុពលរបស់សាធារណរដ្ឋកូរ៉េ ឱ្យមកសិក្សាស្វែងយល់ពីស្ថានភាពពិតជាក់ស្តែង និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការធ្វើពិពិធកម្ម និងទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។ ទន្ទឹមនឹងនេះ លោកមានការជឿជាក់យ៉ាងមុតមាំថា ការអញ្ជើញមកដល់កម្ពុជាដោយផ្ទាល់របស់វិនិយោគិនកូរ៉េ នឹងក្លាយជាសក្ខីភាពដ៏សំខាន់ក្នុងការលុបបំបាត់នូវរាល់ព័ត៌មានមិនពិត ឬការភ័ន្តច្រឡំនានាដែលបានកើតឡើងនាពេលកន្លងមក។ បន្ថែមលើកិច្ចសហប្រតិបត្តិការជារួម លោកប្រធានក៏បានជម្រាបជូនអំពីបំណងក្នុងការពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។

ឯកឧត្តមអគ្គលេខាធិការ និងលោកប្រធានសភាពាណិជ្ជកម្ម បានផ្តល់កិត្តិយសចុះហត្ថលេខាលើ លិខិតសម្តែងបំណង (Letter of Intent) ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគរវាងស្ថាប័នទាំងពីរ ដើម្បីបើកផ្លូវឱ្យមានការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការវិនិយោគជាក់ស្តែងនៅពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×