Friday, February 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត
ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ថ្ងៃសុក ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» យ៉ាងមហោឡារិក នាពេលនេះ ធ្វើឡើងដើម្បីបំផុសលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជន ឱ្យបន្តចូលរួម ឱ្យកាន់តែសកម្ម និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្ដៅ ជាពិសេសការបន្តនិរន្តរភាពទីក្រុងស្អាត សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

បច្ចុប្បន្ន ប្រទេសកម្ពុជាបាននិងកំពុងបន្តដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់គួរជាទីមោទនៈ ព្រមជាមួយនឹង ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុខដុមនីយកម្មក្នុងសង្គម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនរឹងមាំ មានភាពធន់នឹងវិបត្តិ សំដៅសម្រេចឱ្យបានកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត បៃតង និងចីរភាព។ ជាមួយនឹងការកំណត់ចក្ខុវិស័យច្បាស់លាស់ន ដំណើរទៅមុខនេះ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើន យូរអង្វែង ដោយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗមានជាអាទិ៍: ការបន្តកាត់បន្ថយភាពក្រីក ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សុខភាពនិងសុខុមាលភាពប្រជាជន ការអភិវឌ្ឍមូលធនមនុស្ស ការកសាង ប្រព័ន្ធគាំពារសង្គមដ៏រឹងមាំ ការប្រឈមមុខនឹងហានិភ័យនានា ភាពងាយរងគ្រោះផ្សេងៗ ព្រមទាំងការគិតគូរពីចីរភាព នៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ លក្ខខណ្ឌការងារ លក្ខខណ្ឌការរស់នៅ ការរីកចម្រើន យ៉ាងឆាប់រហ័សនបរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាការគិតគូរពីកិច្ចការពារនិងអភិរក្ស
ធនធានធម្មជាតិជាដើម។

ក្នុងន័យនេះ ដើម្បីឆ្លើយតបនឹងការវិវត្តនិងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើ ការជំរុញការអនុវត្តកិច្ចការកែទម្រង់ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ចំនួន៣ ដែលត្រូវគិតគូរស្របពេលគ្នាគឺ ការបង្កើនឧត្តមភាពប្រកួតប្រជែង ការធានាចីរភាព និងបរិយាបន្ននៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យ ទេសចរណ៍ដែលជា មាសបៃតង ស្របតាមទស្សនាទាន កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាតនិងបៃតង។

ឆ្នាំនេះជាឆ្នាំទី១៣ ដែលយើងរៀបចំទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត សំដៅលើកស្មារតីសាមគ្គីភាពជាធ្លុងមួយ ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ស្របតាមអភិក្រម ជវភាព នៃប្រព័ន្ធតួអង្គតែមួយ តាមរយៈការលើកទឹកចិត្តឱ្យយើងទាំងអស់គ្នា គ្រប់ភាគីពាក់ព័ន្ធ វិស័យសាធារណៈ វិស័យ ឯកជន ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត កុមារ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបុគ្គលម្នាក់ៗ អាចចូលរួមក្នុង កិច្ចការពារបរិស្ថាននិងសង្គម សក្តិសមជាស្ថាប័នគំរូ អង្គភាពគំរូ សហគ្រាសគំរូ បុគ្គលគំរូ យុវជនគំរូ សិស្សគំរូ និស្សិតគំរូ កុមារគំរូ លើកិច្ចការងារទីក្រុងស្អាត ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងស្អាត។ ជាការពិតណាស់ ទីក្រុងស្អាត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចផ្តល់នូវបទពិសោធ និងការចងចាំដ៏ល្អ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការអភិវឌ្ឍ វិស័យទេសចរណ៍ ដោយហេតុថា ទីក្រុងគឺជាបណ្តុំនៃការរស់នៅ ការសម្រាកលម្ហិ សកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម។ ភាពជោគជ័យនៃវិស័យទេសចរណ៍ ក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុង ផងដែរ តាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគគំរូថ្មីនៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្ស បេតិកភណ្ឌទីក្រុង ការគិតគូរពីនិរន្តរភាពបរិស្ថាន ភាពស្អាត និងបៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ចាំបាច់នានា បម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរជាដើម ដែលទាំងនេះនឹងជួយជំរុញឱ្យទីក្រុងកាន់តែមាន ភាពរស់រវើក មានឧត្តមភាពសម្រាប់ការរស់នៅ ការប្រកបធុរកិច្ច និងការទស្សនាកម្សាន្ត។ ក្នុងន័យនេះ ការរៀបចំ នគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង ត្រូវមានការយកចិត្តទុកដាក់លើភាពស្អាត បៃតង បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់តាមគ្រប់រូបភាព មានការធានាសន្តិសុខសុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ការលើកកម្ពស់សុខុមាលភាព សង្គម ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាត្រូវរៀបចំ ថែរក្សា និងលើកស្ទួយ វប្បធម៌ ប្រពៃណី ទំនៀមទំទម្លាប់ និងបេតិកភណ្ឌទីក្រុង ដែលជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ឈរលើស្មារតីនេះ ដើម្បីឆ្លើយតបនឹងប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្តេជ្ញាបន្តតាមគំរូវីរភាពរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។ ខ្ញុំសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយក ចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖
ទី១- ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាតវៃ ដែលមានលក្ខណៈ ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ដើម្បី លើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនឱ្យប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ទី២- បន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយគុណភាព សុវត្ថិភាព និង បដិសណ្ឋារកិច្ចល្អ។ក្នុងន័យនេះខ្ញុំសូមស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ សូមបន្តចូលរួមគាំទ្រដល់ចលនាប្រឡងប្រណាំង និងការអនុវត្តស្តង់ដានានាដែលបានដាក់ចេញ កន្លងមក ដែលនឹងចូលរួមយ៉ាងសំខាន់ដល់ការប្រែក្លាយទីក្រុង ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

ទី៣- ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ត្រូវខិតខំបង្កើតជាវិថីថ្មើរជើង វិថីសិល្បៈ ឬវិថីម្ហូបអាហារ ទៅតាមលក្ខណៈពិសេសនិងអត្តសញ្ញាណនៃទីក្រុងនីមួយៗ ខិតខំពង្រឹង សណ្តាប់ធ្នាប់ សោភណភាព អនាម័យ និងគុណភាពសេវាកម្មរបស់តូបលក់ម្ហូបអាហារតាមដងផ្លូវ ស្របតាមស្តង់ដានៅតាមទីក្រុងនិងទីប្រជុំជននានា ព្រមទាំងត្រូវរៀបចំឱ្យមានខ្សែក្រវាត់បៃតង នៅតាមទីក្រុងទេសចរណ៍សំខាន់ៗ ក្នុងគោលដៅគាំទ្រដល់យុទ្ធនាការ «ទេសចរណ៍គឺជាការនាំចេញ នៅនឹងកន្លែង» ដើម្បីជាតម្លៃបន្ថែមខ្ពស់ដល់វិស័យទេសចរណ៍។

ទី៤- ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំថែរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យស្របតាមទស្សនាទាន «ទីក្រុងស្អាត: ទីក្រុងប្រកបដោយ សុខសុវត្ថិភាពល្អ» និង «ទីក្រុងស្អាត: ទីក្រុងមានសណ្តាប់ធ្នាប់សាធារណៈល្អ»។

ទី៥- ស្នើក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បន្តសហការជាមួយ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវចលនាប្រឡងប្រណាំង «ទីប្រជុំជនទេសចរណ៍ស្អាត- នៅឆ្នាំ២០២៦ ដែលនេះជាការពង្រីកវិសាលភាពនៃយន្តការទីក្រុងស្អាត។ ទី៦- ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន។ ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃគ្រប់ ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន/រោងចក និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បី ឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាពស្អាត បៃតង និងភាពទាក់ទាញខ្ពស់ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សក្តិសមនឹងកិត្តិនាម «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈផ្តល់ភាពកក់ក្ដៅ»។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៥ រួមមាន៖ ១-ក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ) ២-ក្រុងបាត់ដំបង(ខេត្តបាត់ដំបង) ៣-ក្រុងសៀមរាប(ខេត្តសៀមរាប) ៤-ក្រុងកំពង់ចាម(ខេត្តកំពង់ចាម) និង៥-ក្រុងស្ទឹងសែន(ខេត្តកំពង់ធំ) ដែលទទួលបានជ័យលាភីក្នុងចលនា ប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៥ ឆ្នាំ២០២៦-២០២៨។ នេះសបញ្ជាក់ឱ្យឃើញពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់អាស៊ាន ក្នុងនាមជាអ្នកដឹកនាំរៀបចំ និងសម្របសម្រួលការអនុវត្តស្តង់ដា ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងគោលបំណងពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ក៏ដូចជាជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុង ឱ្យកាន់តែប្រសើរឡើងប្រកបដោយភាពសុខដុមរមនា។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្ត សហការចូលរួមគាំទ្រ ឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនពរឱ្យទិវាជាតិទីក្រុងស្អាត និងចលនាប្រឡងប្រណាំងទីក្រុងស្អាត ប្រព្រឹត្តទៅប្រកបដោយជោគជ័យជានិច្ចនិរន្តរ៍។

ខ្ញុំក៏សូមយកឱកាសនៃ ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦នេះ ដើម្បីធ្វើការស្វាគមន៍ចំពោះ ភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទី មកទស្សនាកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ មានសុវត្ថិភាពជាមួយនឹងសក្តានុពលទេសចរណ៏ដ៏សម្បូរបែប ដោយកម្ពុជារង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្ត និងសូមចាត់ទុកកម្ពុជា ជាផ្ទះដ៏មនោរម្យរបស់លោកអ្នក។ ជាមួយគ្នានេះដែរ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ ឱ្យចូលរួមគាំទ្រសកម្មភាពទេសចរណ៍ ចលនាទេសចរណ៍ក្នុងស្រុក និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (ពីខែឧសភាដល់ខែតុលា) ដោយអញ្ជើញធ្វើដំណើរទស្សនាកម្សាន្តតាម តំបន់ទេសចរណ៍នានានៅទូទាំងប្រទេស ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ជំរុញសកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងផង និងបង្កើនមនសិការ ស្រឡាញ់ជាតិនិងមាតុភូមិផង ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងចែករំលែកផលប្រយោជន៍ដោយសមធម៌ ជូនប្រជាជននៅមូលដ្ឋាន ស្របតាមទស្សនាទាន «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង «ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី» និងស្របតាមទិសស្លោក «ទេសចរណ៍ដើម្បីទាំងអស់គា្ន ទាំងអស់គ្នាដើម្បីទេសចរណ៍!» «ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព!» និង «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!» ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×