Friday, February 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស បដិសេធ យ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដែលចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធ យ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដូចដែលបានផ្សព្វផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា។

កម្ពុជាសូមអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាល ជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។
ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ កម្ពុជាតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សាទីតាំង ព្រមទាំង ទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។

វត្តមានរបស់ឆ្មាំសន្តិសុខកម្ពុជាដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំង នេះ មិនអាចបកស្រាយថាជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធាបានឡើយ។ ការគ្រប់គ្រងទីតាំងនេះ នៅ តែស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិលដែលមានសមត្ថកិច្ច ហើយការរៀបចំសន្តិសុខ ណាមួយនៅទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាងតឹងរ៉ឹង ដែលមានលក្ខណៈរក្សាការពារ និងសមាមាត្រទៅនឹង តម្រូវការនៃការអភិរក្សការពារទីតាំងនោះ។
ការប៉ុនប៉ងពិពណ៌នាប្រាសាទព្រះវិហារថាជាទីតាំងយោធា គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែល មាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចតុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ កម្ពុជាតែង ប្រកាន់ខ្ជាប់ចំពោះច្បាប់អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូល រួមសហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ជាថ្មីថា ប្រាសាទព្រះវិហារគឺជា ហើយនឹងនៅតែជាប្រាសាទសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុង
គោលបំណងយោធានោះទេ ហើយការការពារកភណ្ឌពិភពលោកនេះ គឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ៕ ​រក្សាសិទ្ធដោយ៖សុទ្ធលី

×