Sunday, March 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន ក.ប.ប. នឹងអនុវត្តនូវវិធានការតាមនីតិវិធីនៃច្បាប់ជាធរមានចំពោះស្ថានីយណា ដែលបានប្រព្រឹត្តនូវអំពើមិនសុចរិត និងលក់ប្រេងឥន្ធនៈដំឡើងថ្លៃខុសពីសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈ

ភ្នំពេញ ៖ នៅថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៦ នេះ មន្រ្តីនៃនាយកដ្ឋានកិច្ចការបច្ចេកទេសនិងមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្រ្តីសាខា ក.ប.ប. រាជធានី ខេត្ត បានបន្តសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីររ៉ែនិងថាមពល ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ ធ្វើការចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ ពិនិត្យគុណភាព និងបរិមាណ នៅតាមបណ្ដាស្ថានីយ/ដេប៉ូ ក្នុងគោលបំណងធានាការលក់និងជំរុញឱ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេសនិងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតី ពិសេសគោរពឱ្យបានតាមសេចក្ដីជូនដំណឹងស្ដីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម។

ជាមួយនោះ មន្រ្តីជំនាញបានចុះដល់គោលដៅដែលសាធារណជនបានផ្តល់ព័ត៌មានអំពីការលក់ដំឡើងថ្លៃខុសពីសេចក្តីជូនដំណឹងរបស់ក្រសួង ដែលមានទីតាំងនៅស្រុកកំរៀង ខេត្តបាត់ដំបង , ស្រុករុនតាឯក ខេត្តសៀមរាប ស្រុកសំបូរ ខេត្តក្រចេះ , ស្រុកចំការលើខេត្តកំពង់ចាម និងស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ជាលទ្ធផលដេប៉ូចែកចាយមួយចំនួន បានបិទទ្វារ ផ្អាកអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ន និងខ្លះអះអាងថាអស់ស្តុកចែកចាយ ដែលការណ៍នេះ មន្រ្តីជំនាញនឹងអនុវត្តការផ្ទៀងផ្ទាត់ភាពអនុលោមដើម្បីដាក់ចេញវិធានការតាមនីតិវិធី។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលជួបប្រទះនូវភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងបរិមាណ គុណភាព ឬការដំឡើងថ្លៃលក់លើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម សូមផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈទូរសព្ទសាធារណៈក្រសួងពាណិជ្ជកម្មលេខ ១២៦៦ ឬ លេខទូរស័ព្ទ ០២៣ ២៣១ ៨៥៦ ឬទូរស័ព្ទដៃលេខ ០១២ ៩២៥ ៣១៧ , ០១២ ៨៧៥ ៩៨៩ , ០១២ ៨២៤ ៩៤៨ ។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងអនុវត្តនូវវិធានការតាមនីតិវិធីនៃច្បាប់ជាធរមានចំពោះស្ថានីយណា ដែលបានប្រព្រឹត្តនូវអំពើមិនសុចរិត និងលក់ប្រេងឥន្ធនៈដំឡើងថ្លៃខុសពីសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ លេខ ០៦៨៦ ព.ណ.អវឯ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម។ រក្សាសិទ្ធដោយ៖សុទ្ធលី

×