Sunday, March 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកសន្តិភាព គឺជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើសេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦៖

ថ្ងៃទី៨ មីនា ឆ្នាំ២០២៦ នេះ គឺជាខួបទី១១៥ នៃទិវាអន្តរជាតិនារី។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលេចខ្លឹមសារសំខាន់ៗនៃព្រះរាជសារ និងសាររបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងសន្តិភាពដែលឆ្លុះបញ្ចាំងពីជំហរដោះស្រាយបញ្ហាដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា៖

ក្នុងព្រះរាជសារអបអរសាទរទិវាអន្តរជាតិនារី ឆ្នាំ២០២៦ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានគាំទ្រប្រធានបទដែលបានលើកឡើងស្របទៅតាមបរិការណ៍របស់ប្រទេសកម្ពុជា គឺ «សន្តិភាពនិងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសាររបស់ពួកគេ។

សម្តេចព្រះមហាក្សត្រីក៏បានសម្តែងនូវការកោតសរសើរនិងអំណរគុណដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបំពេញកិច្ចការរបស់ខ្លួនយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ជាសក្ខីភាព ក្នុងកាលៈទេសៈនៃវិបត្តិដែលបង្កដោយជម្លោះព្រំដែន រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវជំហរដោះស្រាយដោយសន្តិវិធី និងអត់ធ្មត់ ដើម្បីរក្សាសុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនវីរកងទ័ព និងជនភៀសសឹក។

ក្នុងសារអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានគូសរំលេចដែរថា ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទប្រកបដោយអត្ថន័យគឺ «សន្តិភាពនិងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ» ដែលរំលឹកយើងថា សន្តិភាពនិងសន្តិសុខមិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែ វាជាតថភាពជាក់ស្តែងដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃរបស់ស្ត្រីនិងក្រុមគ្រួសារ។ សម្តេចបវរធិបតីបានសម្តែងការគាំទ្រចំពោះប្រធានបទនេះពីព្រោះវាបានឆ្លុះបញ្ចាំងពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងនិងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

សម្តេចនាយករដ្ឋមន្ត្រីចាត់ទុកសន្តិភាព គឺជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ពីព្រោះឥស្សរជននិងថ្នាក់ដឹកនាំកំពូលរបស់ជាតិបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីនាំយកនូវសុខសន្តិភាពពេញលេញ បរិបូរណ៍ជូនជាតិ និងប្រជាជនកម្ពុជា តាមរយៈការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ នយោបាយឈ្នះ-ឈ្នះ នេះ គឺជាសក្ខីភាពប្រវត្តិសាស្ត្រដែលនាំមកនូវសុខសន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ដូចដែលយើងបានឃើញនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាប្តេជ្ញាបន្តមរតកដ៏ថ្លៃថ្លានេះ សម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់តទៅមុខទៀត។

រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់យ៉ាងមុតមាំថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកសាងនិងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ រហូតដល់លើឆាកអន្តរជាតិ។ ជាក់ស្តែង កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាប្រទេសដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រីឱ្យចូលរួមបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន១០ ហើយបើគិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបជាង១ម៉ឺននាក់ ក្នុងនោះស្ត្រីមានចំនួនជិត ១០០០នាក់។ ក្នុងន័យនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសនេះកោតសរសើរ និងអបអរសាទរដោយស្មោះចំពោះបងប្អូនស្ត្រីកម្ពុជា។

ចំណែកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានគូសរំលេចថា ប្រធានបទឆ្នាំនេះរំលឹកឲ្យយើងឃើញថា សន្តិភាពមិនមែនមានន័យត្រឹមតែគ្មានសង្គ្រាម ឬគ្មានស្នូរគ្រាប់កាំភ្លើងប៉ុណ្ណោះទេ តែសន្តិភាព គឺជាសុវត្ថិភាពក្នុងជីវិតប្រចាំថ្ងៃ។ សន្តិភាព គឺការរស់នៅដោយគ្មានការភ័យខ្លាច សន្តិភាព គឺជាសិទ្ធិ សេចក្តីថ្លៃថ្នូរ និងឱកាសស្មើភាពសម្រាប់ស្ត្រីនិងកូនៗគ្រប់រូប។ សម្រាប់ស្ត្រី សន្តិភាព គឺជាសុវត្ថិភាពរបស់ម្ដាយដែលអាចឱបកូនដោយស្នាមញញឹម ដោយគ្មានការភ័យខ្លាច។
[3/8/2026 4:05 PM] Kolap1 Toch: លោកជំទាវបណ្ឌិតក៏បាននឹកនិងចងចាំដោយក្តីគោរពដល់ម្ដាយ និងភរិយារបស់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យទាំងអស់ ដែលបានធ្វើជាជញ្ជាំងដ៏រឹងមាំពីខាងក្រោយ ដោយលាក់ទឹកភ្នែក លះបង់ក្តីសុខផ្ទាល់ខ្លួន ថែរក្សាកូនៗនិងគ្រួសារទាំងមូលដើម្បីផ្តល់ភាពកក់ក្តៅ និងផ្តល់ឱកាសឱ្យស្វាមីអាចផ្ដោតយ៉ាងពេញលេញក្នុងការបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិនៃយើង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានឯកភាពគ្នាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ ក្នុងន័យនេះ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×