ភ្នំពេញ ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំដោយលោក វ៉ាង ថុង(Wang Tong) ប្រធានសមាគមនាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក វ៉ាង ថុង បានដឹកនាំប្រតិភូសមាគមមកជួបពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការក៏បានស្នើសូមឱ្យសមាគមជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគក្នុងវិស័យកសិកម្មដូចជាស្វាយចន្ទី ដំទ្បូងមី អង្ករ និងឈើដាំជាដើម។ ឯកឧត្តមអគ្គលេខាធិការបានបន្តទៀតថារាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កែច្នៃស្វាយចន្ទីសមាហរ័ណ និងផ្តល់ការលើកទឹកចិត្តពិសេសដល់ការវិនិយោគនៅក្នុងតំបន់នេះ។
ជាកិច្ចបន្ទាប់ លោក វ៉ាង ថុង បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមនាពេលនេះ។ លោកបានជម្រាបជូនថាសមាគមត្រូវបានបង្កើតទ្បើងនៅក្នុងឆ្នាំ២០២៤ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលចិនហើយសមាគមមានក្រុមហ៊ុនចម្រុះនានារបស់ចិនក្នុងវិស័យផ្សេងៗជាច្រើនជាសមាជិក។ លោកជម្រាបជូនអំពីគោលបំណងវិនិយោគលើការកែច្នៃស្វាយចន្ទី និងការបង្កើតភណ្ឌាគារគយមានដែនកំណត់។
ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ដល់គម្រោងវិនិយោគកែច្នៃស្វាយចន្ទីនេះ។ ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវសុទិដ្ឋិនិយមថា គម្រោងដ៏វិសេសវិសាលនេះនឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុតក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












