ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង និងការចាប់ផ្តើមដឹកជញ្ជូនធ្នឹមស្ពានទៅត្រើយខាងកើត ដែលគិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ សម្រេចបាន ៦២ % ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
វឌ្ឍនភាពគម្រោងរួមមាន ៖ ១). ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២). រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០ % ៣). រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន៤៧% ( ធ្នឹមT តម្លើង ១៨០ ដើម សម្រេចបាន ១៣០ និងធ្នឹមT ចាក់នៅកន្លែង ១៨០ ដើម សម្រេចបាន ៨៤) ៤).បណ្តាញ ផ្លូវសម្រេចបាន ៤៣ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៣៥% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៣៦%)។ បច្ចុប្បន្នក្រុមហ៊ុនបានចាប់ផ្តើមដំណើរការដឹកធ្នឹមស្ពាន ពីត្រើយខាងលិចទៅត្រើយខាងកើត ដែលធ្នឹមស្ពានមានចំនួន៩៦ដើម ដែលត្រូវដឹកជញ្ជូន។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ នៅពេលដែលការដោះស្រាយផលប៉ះពាល់ផ្នែកខាងកើតមិនអាចដោះស្រាយរួចរាល់តាមផែនការ ក្រុមហ៊ុនសាងសង់បានសម្រេចរៀបចំទីតាំងផលិតឆ្នឹមស្ពានរួមគ្នានៅផ្នែកខាងលិច ហើយត្រូវដឹកជញ្ជូនទៅដំឡើងស្ពាននៅផ្នែកខាងកើតវិញ។ ការដឹកជញ្ជូននេះនឹងត្រូវឆ្លងកាត់ មហាវិថី ឈុន គង់ (កំពុងសាងសង់) មហាវិថី សម្តេចតេជោ មហាវិថី ស៊ីជីនពីង និងផ្លូវលេខ១១០។ ក្នុងន័យនេះ ដើម្បីឱ្យការដឹកជញ្ជូនទាន់តាមផែនការគ្រោងទុក និងប្រកបដោយសុខសុវត្ថិភាព ក្រសួងបានស្នើឱ្យជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួយសម្រួលជូនក្រុមហ៊ុនសាងសង់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















