Tuesday, March 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករអ្នក​ដាំ​កាហ្វេ​ចំនួន២៦នាក់ នៅខេត្តមណ្ឌលគិរី ទទួលបានវិញ្ញាបនបត្រ CamGAP

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីផ្តល់វិញ្ញាបនបត្រ CamGAP ជូនដល់កសិករអ្នក​ដាំ​កាហ្វេ​ចំនួន២៦នាក់ នៅខេត្តមណ្ឌលគិរី។

កម្មវិធីមានការអញ្ជើញចូលរួមពី ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ លោកជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្ត​មណ្ឌល​​គិរី លោក Tin Nguyen Tri នាយកកម្មវិធីអភិរក្ស នៃអង្គការ WWF នៅកម្ពុជា លោកស្រី Tanja Ploetz តំណាងពី SCP តំណាង​ពីអគ្គនាយកដ្ឋានកសិកម្ម និងលោកហាន សុភក្តិ អនុប្រធានមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានធ្វើការណែនាំ​នូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១. ការធ្វើបច្ចុប្បន្នភាពទិន្នន័យ​ផលិតកម្មកាហ្វេនៅខេត្តមណ្ឌលគីរី ២. ការសិក្សាអំពីការធ្វើពិពិធកម្ម​ដំណាំ ពិសេសការបម្លែងដំណាំដំឡូងមកដាំកាហ្វេ ដោយវិភាគពី​សក្តា​នុពល បញ្ហាប្រឈម និងដំណោះស្រាយ ៣. ការរៀបចំឱ្យមាន ចម្ការគំរូ នៅគ្រប់ឃុំ ដោយមានការដឹកនាំពីមន្ត្រីកសិកម្មឃុំ ៤. ការរួម​គ្នាកសាង ម៉ាកសមូហភាព “កាហ្វេមណ្ឌលគីរី” ដែលមាន​ស្តង់ដារ GAP និងឈានទៅរកកាហ្វេសរីរាង្គ ៥. ការពង្រឹង និងពង្រីកទីផ្សារ តាមរយៈការសហការរវាងអ្នកដាំកាហ្វេ ក្រុមហ៊ុន KOFI និងហាង​កាហ្វេក្នុងប្រទេស ព្រមទាំងចាប់ផ្តើមពង្រីកទីផ្សារនាំចេញ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ការងារទាំងនេះ​មានគោលបំណង លើកកម្ពស់គុណភាព និងតម្លៃបន្ថែមនៃកាហ្វេ​មណ្ឌលគីរី ព្រមទាំងបង្កើនប្រាក់ចំណូល ជីវភាពរស់នៅរបស់កសិករ និងការផលិតកសិកម្មដែលមានភាពធន់នឹងការផ្លាស់ប្តូរអាកាសធាតុ។

សូមបញ្ជាក់ថា កម្មវិធីផ្តល់វិញ្ញាបនបត្រ CamGAPនេះ ជាលទ្ធផល​នៃការ​សហការរវាង អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី មន្ត្រីកសិកម្មឃុំ អង្គការWWF និងក្រុម​ហ៊ុន KOFI ក្នុងការជំរុញការផលិតកាហ្វេប្រកបដោយស្តង់ដារ និរន្តរភាព និងបង្កើនភាពធន់នឹងការផ្លាស់ប្តូរអាកាសធាតុ៕​រក្សាសិទ្ធដោយ៖សុទ្ធលី

×