ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្នុងឆមាសទី១ ឆ្នាំ២០១៨ ចំនួនអ្នកញៀនគ្រឿងញៀន ដែលមកទទួលការព្យាបាល នៅតាមកន្លែងផ្ដល់សេវាសុខាភិបាល មានចំនួន៣.២៣១នាក់ មានកំណើនប្រមាណ១០២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០១៧។
បើតាមរបាយការណ៍របស់ ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ថា ក្នុងចំណោមអ្នកញៀនគ្រឿងញៀនទាំង៣.២៣១នាក់ មានប្រុស៣.០១៩នាក់(ប្រមាណ ៩៣ភាគរយ) និងស្រី២១២នាក់(ប្រមាណ៧ភាគរយ)។ ក្នុងនោះ អ្នកញៀនប្រភេទអំហ្វេតាមីន ចំនួន៣.១០៨នាក់ (ប្រមាណ៩៦ភាគរយ) និងអ្នកញៀនប្រភេទហេរ៉ូអ៊ីន ចំនួន១២៣នាក់ (ប្រមាណ៤ភាគរយ)។
ក្រសួងសុខាភិបាល បានបន្ថែមថា បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ ចំនួនអ្នកញៀនគ្រឿងញៀន ដែលមកទទួលការ ព្យាបាល នៅតាមសេវាសុខាភិបាល មានកំណើនប្រមាណ១០២ភាគរយ ដែលក្នុងឆមាសទី១ ឆ្នាំ២០១៧ មានត្រឹមតែ១.៥៩៦នាក់ប៉ុណ្ណោះ។
ក្រសួងសុខាភិបាល បានលើកឡើងថា ការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ ទាមទារឲ្យមានកិច្ចសហការអន្តរវិស័យ ដែលក្នុងនោះភាពជាដៃគូរវាងវិស័យសុខាភិបាល រដ្ឋអំណាចមូលដ្ឋាន និងមន្ត្រីអនុវត្តន៍ច្បាប់ ជាយន្តការគន្លឹះដ៏ចាំបាច់មិនអាចខ្វះបាន។ ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ដើម្បីពង្រឹងយន្តការភាពជាដៃគូ រវាងវិស័យសុខាភិបាល រដ្ឋអំណាចមូលដ្ឋាន និងមន្ត្រីអនុវត្តន៍ច្បាប់៕ ដោយ៖កូឡាប