ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញប្រកាសលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។
តាមការអញ្ជើញរបស់ ឯកឧត្តម បណ្ឌិត វីវៀន បាឡាគីស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ដល់១១ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។
ឯកឧត្ដម នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានផ្ដល់ការ ស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ថាទស្សនកិច្ចនេះជាការឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីយូរអង្វែង រវាងកម្ពុជា និងសិង្ហបុរី។
ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម បណ្ឌិត វីវៀន បាឡាគីស្សណាន់ បានពិភាក្សាប្រកបដោយផ្លែផ្កា អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ចាប់ពីកិច្ចសហប្រតិបត្តិការនយោបាយ រហូតដល់ កិច្ចសហការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងស្វែងរកវិស័យថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការ។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារួម ក្នុងការជំរុញទំនាក់ទំនាក់ដ៏ កក់ក្ដៅដែលមានស្រាប់ ហើយបានសង្កត់ធ្ងន់អំពីសារសំខាន់នៃការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាទៀតទាត់ ដែលជាកត្តាដ៏សំខាន់សម្រាប់ជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ ដែលកំពុងមានការរីកចម្រើន ។ ទស្សនកិច្ច ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសសិង្ហបុរី ។ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ និងទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមនាយករដ្ឋមន្ដ្រី ឡរ៉េន វ៉ុង នៅកម្ពុជា នៅក្នុងខ កក្កដា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី។
កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ
ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានបញ្ជាក់អំពីសារសំខាន់នៃការសម្របសម្រួល រវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរបាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិង្ហបុរី ដែលបន្តគាំទ្រការកសាង សមត្ថភាពកងយោធពលខេមរភូមិន្ទ។
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច
ភាគីទាំងពីរបានទទួលស្គាល់ថា មានសក្តានុពលជាច្រើនសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យសន្តិសុខស្បៀង និងសន្តិសុខថាមពល ។ ឯកឧត្ដមរដ្ឋមន្ត្រីទាំងពីរបាន គូសបញ្ជាក់អំពីសារសំខាន់នៃការទាញយកផលប្រយោជន៍ពីការបំពេញបន្ថែមសេដ្ឋកិច្ចទៅវិញទៅមក រវាង ប្រទេសទាំងពីរ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងវិបុលភាពរួម ហើយរង់ចាំការចុះហត្ថលេខាលើ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្ដីពីសន្តិសុខស្បៀងក្នុងពេលឆាប់ៗខាងមុខ ។ ការកសាងសមត្ថភាព និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន
ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីអំពីតួនាទីដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសិង្ហបុរី ដែលបន្តគាំទ្រ កិច្ចការដ៏មានសារសំខាន់នេះ ក៏ដូចជាការយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅតាមផ្ទះក្នុង ប្រទេសសិង្ហបុរី ឯកឧត្តមក៏បានអរគុណសិង្ហបុរីចំពោះការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារ ការងារមិនមែនប្រពៃណី (NTS) សម្រាប់ការទទួលយកពលករបរទេសទៅធ្វើការ។
ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យដ៏ទៃទៀត ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្ដូរ ទស្សនៈយ៉ាងស៊ីជម្រៅអំពីបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់រួម ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន ធ្វើបច្ចុប្បន្នភាពអំពីសភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងអំពីស្ថានភាពពលរដ្ឋភៀសសឹក ដែលនៅតែមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ។ រដ្ឋមន្ត្រីទាំងពីរក៏បានបញ្ជាក់អំពី ការប្តេជ្ញារួម ក្នុងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត វីវៀន បាឡា គ្រឹស្សណា ព្រមទាំងក្រុមការងារ ដែលបានរៀបចំទទួលដ៏ល្អឥតខ្ចោះ និងបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាង កក់ក្ដៅជូនគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ ហើយឯកឧត្ដម រង់ចាំឱកាសស្វាគមន៍ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគីស្សណា និងភរិយានាពេលវេលាសមស្រប៕ រក្សាសិទ្ធដោយ៖សុទ្ធលី







