Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​គណៈប្រតិភូ​ធុរជន​អាមេរិក វិនិយោគ​លើ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​កម្ពុជា ដើម្បី​ជំរុញ​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​គណៈប្រតិភូ​ធុរជន​អាមេរិក ដឹកនាំ​ដោយ លោក វីល្លាម ហ៊ី​ដ (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​លោក អេ​ឡែន ឌី តាន់ (Allen D. Tan) ប្រធាន​ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ធ្វើ​ការវិនិយោគ​លើ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​កម្ពុជា ឱ្យ​ដល់​កម្រិត​ស្តង់ដារ​អន្តរជាតិ ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​ឱ្យបាន​អតិបរមា​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នា​ឱកាស​ចូលរួម​ពិសា​អាហារ​ពេលព្រឹក ដើម្បី​ផ្សព្វផ្សាយ​អំពី​ឱកាស​ធុរកិច្ច នៅក្នុង​វិស័យ​កសិកម្ម​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក សហការ​ជាមួយ​សភា​ពាណិជ្ជ​កម្ម​​អាមេរិក​នៅ​កម្ពុជា នៅ​សណ្ឋាគារ Rosewood រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាប​ជូន​គណៈប្រតិភូ​ធុរជន​អាមេរិក អំពី​ស្ថិរភាព​កំណើនសេដ្ឋកិច្ច និង​សក្តា​នុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា ព្រមទាំង​បញ្ហា​ប្រឈម​មួយចំនួន ដែល​កម្ពុជា​បាន​កំពុង​ជួបប្រទះ ដែល​ទាមទារ​ឱ្យមាន​ការ​ចូលរួម​វិនិយោគ​ពី​ផ្នែក​ឯកជន ដើម្បី​ធ្វើ​ទំនើបកម្ម និង​ប្រែក្លាយ​វិស័យ​មួយ​នេះ ឱ្យ​ទៅ​មូលដ្ឋាន​ផលិតកម្ម​សំខាន់ សំដៅ​ធ្វើ​ពិពិធ​កម្ម (​ពង្រីក​) ការនាំ​ចេញ​ទៅ​កាន់​ទីផ្សា​រ​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក​រដ្ឋមន្ត្រី បាន​លើកឡើង​អំពី​អត្ថប្រយោជន៍ នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា និង​បាន​ជម្រាប​ជូន​ភាគី​អាមេរិក អំពី​គោលនយោបាយ​លើក​ទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ចំពោះ​វិនិយោគិន​បរទេស ដូចជា ការ​អនុគ្រោះ​ពន្ធ​នាំចូល​សម្រាប់​សម្ភារៈ និង​គ្រឿង​បរិក្ខា​កសិកម្ម និង​ការសម្រួល​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្តល់ ដោយ​ប្រទេស​ជា​ដៃគូ​របស់​កម្ពុជា​។​

​បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ប្រតិភូ​ធុរជន​អាមេរិក ចាប់​ដៃគូ​ជាមួយ​ធុរជន​កម្ពុជា ដើម្បី​វិនិយោគ​រួម​គ្នា​លើ​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម តាមរយៈ​ការនាំយក​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម សំដៅ​បង្កើន​តម្លៃ​បន្ថែម និង​បង្កើត​កម្មវិធី​បណ្តុះបណ្តាល ដើម្បី​ពង្រឹង​សមត្ថភាព​វិស័យ​ឯកជន និង​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប​លោក វីល្លាម ហ៊ី​ដ និង​លោក អេ​ឡែន ឌី តាន់ ព្រមទាំង​គណៈប្រតិភូ​ធុរជន​អាមេរិក បាន​ថ្លែងអំណរគុណ លោក​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗ ទាក់ទិន​ឱកាស​វិនិយោគ​លើ​ផ្នែក​កសិកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម​។ លោក វីល្លាម ហ៊ី​ដ និង​លោក អេ​ឡែន ឌី តាន់ បាន​សន្យា​ជួយ​សម្របសម្រួល​ការចាប់​ដៃគូ​ធ​រុកិច្ច​របស់​វិស័យ​ឯកជន នៃ​ប្រទេស​ទាំង​ពីរ និង​ពិនិត្យ​លទ្ធភាព​​ជួយ​គាំទ្រ ការអភិវឌ្ឍ​សមត្ថភាព​ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ជុំវិញ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​កសិផល​កម្ពុជា និង​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​។ ម្យ៉ាងទៀត ភាគី​អាមេរិក ក៏​មាន​បំណង​ប្រែក្លាយ​កម្ពុជា ឱ្យ​ដើរ​តួនាទី​សំខាន់​ក្នុង​ការផលិត និង​ចែកចាយ​ផលិតផល​កសិកម្ម ទាំង​ក្នុង​តំបន់ និង​ទីផ្សារ​ពិភពលោក​។​

​សូមជម្រាបថា វិស័យ​កសិកម្ម គឺជា​សសរស្តម​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តែ​ជាង ៨០​ភាគរយ នៃ​ប្រជាជន​រស់នៅ​តំបន់​ជនបទ គឺជា​កសិករ​។ កាលពី​ឆ្នាំ ២០១៧ វិស័យ​កសិកម្ម បាន​រួមចំណែក​នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ២៤,៩​ភាគរយ​។ ទន្ទឹមនឹងនេះ នៅក្នុង​អំឡុង​ពេល​ដូច​គ្នា ឧស្សាហកម្ម​មាន ៣២,៩​ភាគរយ និង​សេវាកម្ម​មាន ៤២,២​ភាគរយ​។ ការចូលរួម​នៃ​វិស័យ​កសិកម្ម បាន​ថយចុះ​ដោយសារ​តែ​កំណើន​លឿន​នៃ​វិស័យ​ពីរ​ផ្សេងទៀត​។ ប៉ុន្តែ​ទោះបីជា​មាន​ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង ក៏​វិស័យ​ប្រពៃណី​មួយ​នេះ នៅតែ​ដើរ​តួនាទី​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន​៕ ​ដោយ ​៖ ​កូឡាប​

  

spot_img
×