សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅនឹងការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង នៅក្នុងកំឡុងកិច្ចប្រជុំបន្ទាន់មួយក្នុងទី ក្រុងញូវញ៉កកាលពីថ្ងៃពុធ ហើយក្នុងកំឡុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតអាមេរិច អ្នកស្រី Nikki Haley បានថ្លែងថា សកម្មភាពរបស់របបកូរ៉េខាងជើងបាននាំពិភពលោកទៅក្បែរសង្គ្រាម។
អ្នកស្រីថ្លែងដូច្នេះថា “អ្នកដឹកនាំផ្តាច់ការកូរ៉េខាងជើងបានធ្វើការជ្រើសរើស កាលពីម្សិលមិញ ដែលជំរើសនោះបាននាំពិភពលោកឲ្យទៅក្បែរសង្គ្រាម។ ពួកយើងមិនដែលចង់ស្វែងរកសង្គ្រាមជាមួយកូរ៉េខាងជើងនោះទេ ហើយរហូតមកដល់បច្ចុប្បន្ន យើងនៅតែមិនចង់បានសង្គ្រាម។ ប្រសិនជាសង្គ្រាមមកដល់មែន គឺវាដោយសារតែសកម្មភាពបង្ករឿងដូចអ្វីដែលយើងបានមើលឃើញពីថ្ងៃម្សិលមិញ”។
អ្នកការទូតអាមេរិចដដែលនិយាយទៀតថា “ប្រសិនសង្គ្រាមកើតឡើងមែន ពិតប្រាកដណាស់ កូរ៉េខាងជើងនឹងត្រូវកំទិច”។
បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលរយៈចំងាយឆ្ងាញកាលពីថ្ងៃអង្គារ អ្នកការទូតអាមេរិចបានស្នើឲ្យមានកិច្ចប្រជុំបន្ទាន់ជាមួយនឹងឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង និងឯកអគ្គរាជទូតជប៉ុន។
Nikki Haley ថ្លែងបន្តទៀតថា “នៅថ្ងៃម្សិលមិញ របបកូរ៉េខាងជើងបានជ្រើសជំរើសមួយ វាជ្រើសរើសបន្តការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ។ វាជ្រើសរើសការធ្វើសកម្មភាពដែលមិនគោរពដល់ពិភពលោក។ វាជ្រើសរើសប្រឆាំងទៅនឹងការអត់ធ្មត់របស់ពិភពលោកដែលកំពុងរួមគ្នាប្រឆាំងនឹងភាពព្រហើនរបស់វា”។
អ្នកស្រីក៍បានស្នើឲ្យប្រទេសទាំងអស់ គួរផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងកូរ៉េខាងជើង ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកយោធា វិទ្យាសាស្ត្រ បច្ចេកទេស និងពាណិជ្ជកម្មផងដែរ។
“ពួកគេក៍ត្រូវតែកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងរបបព្យុងយ៉ាង តាមរយៈការបញ្ឍប់ការនាំចូល និងនាំចេញ និងបណ្តេញកម្មករកូរ៉េខាងជើងចេញឲ្យអស់’។
របបកុម្មុនិស្តព្យុងយ៉ាង បានអះអាងថាខ្លួនបានទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបប្រភេទថ្មី ដែលអាចមានសមត្ថភាពបាញ់ដល់គ្រប់ទីកន្លែងនៃទឹកដីអាមេរិច។
កូរ៉េខាងជើងបានអះអាងនៅក្នុងទូរទស្សន៏ថា ខ្លួនបានសម្រេចបេសកម្មរបស់ខ្លួនក្នុងការក្លាយជារដ្ឋនុយក្លេអ៊ែរហើយ។
មីស៊ីលឆ្លងទ្វីបរយៈចំងាយឆ្ងាយឈ្មោះ Hwasong-15 បានធ្លាក់ចូលក្នុងសមុទ្រជប៉ុន។ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ បណ្តាលឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៏អន្តរជាតិ។
បើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើងបាញ់នោះ ហោះបានរយៈកំពស់ ៤.៥០០គីឡូម៉ែត្រ និងក្នុងរយៈចំងាយ ៩៦០គីឡូម៉ែត្រ៕ សុភ័ក្ត្រ