តូក្យូ៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ដែលជាថ្ងៃទីមួយនៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃប្រទេសជប៉ុន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោក Norihiko ISHIGURO ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីស្នាក់ការកណ្តាលរបស់ JETRO នាទីក្រុងតូក្យូ ក្រោមកិច្ចសម្របសម្រួល និងរៀបចំយ៉ាងយកចិត្តទុកដាក់ពី JETRO ប្រចាំនៅរាជធានីភ្នំពេញ។
អមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារជាន់ខ្ពស់នាឱកាសនេះ ក៏មានការចូលរួមពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន, ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម ព្រមទាំងវិស័យឯកជនពីប្រទេសកម្ពុជារួមមាន សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ជំនួបនាព្រឹកនេះ ធ្វើឡើងក្នុងបរិយាកាសដ៏ស្និទ្ធស្នាល ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។ ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពសំខាន់ៗជាច្រើនដូចជាការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់បរិយាកាសវិនិយោគ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជា។ នៅក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យភាគីជប៉ុនចាប់ផ្តើមជាវិញនូវជើងហោះហើរត្រង់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញ ដើម្បីចូលរួមជុំវិញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងមុតមាំ ក្នុងការប្តេជ្ញាពង្រឹងសកម្មភាពការងាររួមគ្នាឱ្យកាន់តែសកម្ម និងមុតស្រួចថែមទៀត ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬកង្វល់នានារបស់វិនិយោគិនជប៉ុន ផ្អែកលើការផ្តល់អនុសាសន៍ណែនាំ និងកញ្ចប់ដំណោះស្រាយប្រកបដោយយន្តការយុទ្ធសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា។
ការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ គឺដើម្បីធានាឱ្យបាននូវសេវាគាំទ្រវិនិយោគមួយប្រកបដោយភាពកក់ក្តៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលជាគន្លឹះដ៏សំខាន់ក្នុងការរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតពីជប៉ុន៕រក្សាសិទ្ធដោយ៖សុទ្ធលី












