កាំជ្រួចអន្តរជាតិ Hwasong-15 ត្រូវបានបាញ់បង្ហោះក្រោមការត្រួតពិនិត្យមើលផ្ទាល់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុង-អ៊ុន។
កាសែត Rodong Sinmun ដែលជាស្ថាប័ននាំពាក្យរបស់បក្សពលករកូរ៉េខាងជើង នៅថ្ងៃនេះបានប្រកាសផ្សាយរួបភាពជាច្រើនជុំវិញករណីបាញ់បង្ហោះកាំជ្រួច (ICBM) Hwason-15 ដែលត្រូវបានវាយតម្លៃថា ជាកាំជ្រួចបាញ់ឆ្ងាយបំផុតរបស់កូរ៉េខាងជើង។



គ្រាប់កាំជ្រួច Hwason-15 បានចាកចេញពីទម្រវេលាម៉ោង ៣និង១៧នាទី ថ្ងៃទី២៩/១១ នៅតំបន់ឦសាន រដ្ឋធានីព្យុងយ៉ាង។

ប្រសិនបើគ្រាប់នេះ មានជម្រើសបាញ់ល្អបំផុត គឺគ្រាប់កាំជ្រួចនេះអាចបាញ់បានដល់ទៅរយៈចម្ងាយ ១៣.០០០ គីឡូម៉ែត្រ ឯណោះ ពោលគឺគ្រប់គ្រាន់សម្រាប់ទៅដល់គ្រប់ទីកន្លែងប្រទេសអាមេរិក។

ប្រទេសជាច្រើននៅលើពិភពលោកថ្កោលទោសករណីនេះ លោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសថា នឹងដោះស្រាយបញ្ហាកូរ៉េខាងជើង ខណៈពេលចិនបង្ហាញពីការបារម្ភយ៉ាងជ្រាលជ្រៅបំផុត ។ អាល្លឺម៉ង់សម្រេចកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ដើម្បីប្រកាសប្រាប់ពីការថ្កោលទោសរបស់ខ្លួន។ ចំណែករុស្ស៊ីវិញបានហៅថា នេះជាទង្វើញុះញង់មួយ។

ពលរដ្ឋកូរ៉េខាងជើងអបអរសាទរពេលទទួលបានព័ត៌មានពីការសាកល្បងទទួលបានជោគជ័យ។ ប៉ុន្តែមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ក្នុងការបាញ់បង្ហោះកាំជ្រួចលើកនេះ ទំនាក់ទំនងរវាងគ្រាប់កាំជ្រួចជាមួយនឹងមជ្ឈមណ្ឌលបញ្ជាត្រូវបានកាត់ផ្តាច់នៅអំឡុងពេលកាំជ្រួចនេះបានហោះហើរក្នុងលំហអាកាស៕