សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ»ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមផ្ញើសារលិខិតសម្ដែងនូវទឹកចិត្តដ៏រំភើប ឥតឧបមាយ៉ាងជ្រាលជ្រៅ ចូលរួមអបអរសាទរជាមួយសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូន ជនរួមជាតិទាំងអស់ ក្នុងឱកាស «ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ» ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។
ប្រាសាទព្រះវិហារជាទីគោរពសក្ការៈ ដែលបន្សល់ទុកដោយដូនតាខ្មែរ និងជាសក្ខីភាពនៃអធិបតេយ្យភាព ដែនដីខ្មែរ ត្រូវបានសាងសង់ឡើងនៅចន្លោះសតវត្សទី៩ និងទី១២ និងលាតសន្ធឹងប្រវែង៨០០ម៉ែត្រ តាមអ័ក្ស ពីត្បូងទៅជើង និងមានលក្ខណៈពិសេសសម្គាល់ដោយគោបុរៈចំនួនប្រាំ តភ្ជាប់ដោយស្ពានហាល និងជណ្តើរ។ ប្លង់របស់ប្រាសាទ រួមបញ្ចូលគ្នានូវស្រះទឹក ជណ្តើរថ្មភក់ និងក្បូរក្បាច់ចម្លាក់យ៉ាងល្អិតល្អន់នៃអាទិទេពហិណ្ឌូ ឆ្លុះបញ្ចាំងពីភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទនេះឧទ្ទិសថ្វាយដល់ព្រះសិវៈ ដែលត្រូវបានគេស្គាល់ថា ជាស្រីសិខរេស្វរ ឬភទ្រេស្វរ ហើយបានឈានដល់ចំណុចកំពូល ក្រោមការគ្រប់គ្រងរបស់ព្រះបាទសូរ្យវរ្ម័នទី១ នាពាក់កណ្តាលសតវត្សទី១១។ បុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្តថែរក្សាការពារជាប់មិនដាច់ ហើយបច្ចុប្បន្ន ប្រាសាទព្រះវិហារ មិនត្រឹមតែជានិមិត្តរូបនៃវប្បធម៌ អរិយធម៌ដ៏ចំណាស់និងរុងរឿងរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជានិមិត្តរូបនៃខឿនការពារជាតិ សាមគ្គីជាតិ និងកាតព្វកិច្ចនៃការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាផងដែរ។
កិច្ចការថែរក្សានិងការពារប្រាសាទព្រះវិហារ ត្រូវបានអនុវត្តដោយបុព្វបុរសខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ ក្នុងនោះរាប់បញ្ចូលទាំងការតស៊ូដ៏ស្វិតស្វាញ និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់បុព្វបុរស អតីតថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារីខ្មែរ ហើយអ្វីដែលយើងទាំងអស់គ្នាចងចាំមិនភ្លេចគឺព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ ក្នុងការទាមទារប្រាសាទព្រះវិហារនៅតុលាការ អន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្តី ដោយមានសម្តេចវិបុលបញ្ញា សុខ អាន និងក្រុមការងារជាសេនាធិការ បានដឹកនាំការងារបច្ចេកទេស និង ការទូតរហូតសម្រេចបាននូវការចុះប្រាសាទដ៏ពិសិដ្ឋនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទោះបីជាត្រូវឆ្លងកាត់ ឧបសគ្គ និងស្ថានភាពដ៏តានតឹងនាពេលនោះក៏ដោយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបាននិងកំពុងបន្តថែរក្សាសមិទ្ធផល ទាំងនេះជាមួយនឹងការជំរុញវិធានការថ្មីៗ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅអភិរក្ស និងថែរក្សាមរតកដ៏ថ្លៃថ្លានេះ ឱ្យបានគង់វង្ស។
ការសម្រេចបាននូវការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក បានបន្ថែមការទទួលស្គាល់នូវតម្លៃលេចធ្លោជាសកលរបស់វប្បធម៌និងស្ថាបត្យកម្មខ្មែរ ជាពិសេសបន្ថែមសន្ទុះនៃកិច្ចការអភិរក្សនិងអភិវឌ្ឍ រីឯប្រាង្គប្រាសាទទទួលបាននូវយន្តការរឹងមាំបន្ថែម ក្នុងការបន្តការពារ ថែរក្សា អភិរក្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ជាពិសេសយន្តការនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បី ការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ដោយក្នុងនោះ បណ្តាប្រទេសជាមិត្តទាំងអស់បានចូលរួមយ៉ាងសកម្ម ផ្ដល់នូវកិច្ចសហការទាំងបច្ចេកទេស សម្ភារៈនិងថវិកាក្នុងដំណើរការស្ដារ និងលើកតម្លៃប្រាសាទព្រះវិហាររបស់យើង។
ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ក៏ការប្រឈមផ្នែកប្រដាប់អាវុធបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិ បេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។ ក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវសេចក្ដី សោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់យើង កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះរួមមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ចំនួន៥៦២កន្លែង និងការបំផ្លាញកិច្ចខិតខំ ប្រឹងប្រែងក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅ។ នេះជាការបាត់បង់ ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។ ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្ល រមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងមានវិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការ អន្តរជាតិ ចុះពិនិត្យវាយតម្លៃការខូចខាត ជាពិសេសបាននិងកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះនិងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ការប្រមូលនិង អភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។ រាជរដ្ឋាភិបាលកម្ពុជាបន្ត ផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ ទៅជានិមិត្ដរូបបន្ថែមនសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។
ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន លះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ ហើយសូមកោតសរសើរនិងវាយតម្ល ខ្ពស់ចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពីកត្តាសុវត្ថិភាពយ៉ាងណាក្តី។រក្សាសិទ្ធិដោយ ៖សុទ្ធលី
















