ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងធនធានទឹក ព្រមានថាការធ្វើអាជីវកម្មខ្សាច់ហួសកម្រិតនៅតាមស្ទឹង ទន្លេ អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា ការធ្វើអាជីវកម្មខ្សាច់ហួសកម្រិតនៅតាមស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា ការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាហានិភ័យដល់សេដ្ឋកិច្ច សង្គម និងបរិស្ថានជាតិ ។
នាព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការគ្រប់គ្រងធនធានខ្សាច់មានសារៈសំខាន់ខ្លាំងក្នុងការធានាឱ្យការធ្វើអាជីវកម្មខ្សាច់ពាក់ព័ន្ធនឹងធនធានទឹក ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន។ ទន្ទឹមនឹងនេះ ការគ្រប់គ្រងត្រឹមត្រូវក៏រួមចំណែកថែរក្សាគុណភាពទឹក ការពារមុខងារធម្មជាតិរបស់ស្ទឹង ទន្លេ និងតំបន់សមុទ្រ ព្រមទាំងអភិរក្សប្រព័ន្ធអេកូឡូស៊ី និងជម្រកសម្រាប់ជីវចម្រុះក្នុងទឹកផងដែរ ។ប្រសាសន៍ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះផ្តោតលើចំណុចសំខាន់ចំនួន៣ គឺ ទី១)លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ទី២)ពិនិត្យ និងពិភាក្សាផែនការសកម្មភាពសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និង ទី៣)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ២០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ គណៈកម្មាធិការនេះ ជាយន្តការអន្តរក្រសួងដ៏សំខាន់មួយដែលមានភារកិច្ចត្រួតពិនិត្យ និងតាមដានការធ្វើអាជីវកម្មខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកឱ្យស្របតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសជលវិទ្យា-ជលគតិ ដើម្បីធានាបាននូវប្រសិទ្ធភាព និរន្តរភាព និងការពារបរិស្ថាន៕រក្សាសិទ្ធិដោយ ៖សុទ្ធលី