ភ្នំពេញ:៖តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៦ នេះ បានប្រកាសសាលដីកា លើបណ្តឹងសារទុក្ខ
(នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ: ៤៤៥ ចុះថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២៦) របស់ ទណ្ឌិត ឈ្មោះ ខឹម ចាន់វណ្ណ: ភេទ ប្រុស អាយុ អាយុ ៤៥ ឆ្នាំ អតីតប្រធានស្តីទី ឬ តំណាង នៃ គណបក្សភ្លើងទៀន ប្រចាំរាជធានីភ្នំពេញ។
តុលាការកំពូល ក៏បានសម្រេចតម្កល់ទោស របស់ ទណ្ឌិត ខឹម ចាន់វណ្ណ: រក្សាទុកដដែល និង ប្រកាសបិទផ្លូវ តវ៉ា។
លោកតាំង ស៊ុនឡាយ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង ជាអនុប្រធាន តុលាការកំពូល បានថ្លែងឱ្យដឹង នៅក្នុង អង្គសវនាការថា: នៅក្នុង សំណុំរឿងព្រហ្មទណ្ឌនេះ, ទណ្ឌិត ឈ្មោះ ខឹម ចាន់វណ្ណ: ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់គុក កំណត់ ០២ ឆ្នាំ និង ៦ខែ ពីបទ: “ការក្លែងបន្លំ និង ការប្រើប្រាស់ ឯកសារក្លែងក្លាយ” តាមបញ្ញត្តិ មាត្រា ៦២៦, ៦២៨ និង ៦២៩ នៃ ក្រមព្រហ្មទណ្ឌ។
ទណ្ឌិតមិនសុខចិត្ត និង បានប្តឹងជំទាស់ មកកាន់ តុលាការឧទ្ធរណ៍។ តែ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៦ បានតម្កល់ទោស របស់ជាប់ចោទ រក្សាទុកដដែល។
ទណ្ឌិត ខឹម ចាន់វណ្ណៈ ត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នៅក្នុង ខណ្ឌពោធិ៍សែនជ័យ យោងតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ, តុលាការរាជធានីភ្នំពេញ ក៏បាន ផ្តន្ទាទោស ជនជាប់ចោទចំនួនពីរនាក់ទៀត ដែលជា សកម្មជនរបស់គណបក្សប្រឆាំង មាន ឈ្មោះ ម៉ា ចិន្តា ភេទ ប្រុស អាយុ ៤៩ ឆ្នាំ និង ឈ្មោះ ហាក់ កុសល ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ដាក់គុក ក្នុងម្នាក់ៗ រយៈពេល ០២ ឆ្នាំ និង ៦ខែ ពីបទ “ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង” ក៏ប៉ុន្តែ ការអនុវត្តន៍ ត្រឹមតែ រយៈពេល ០៩ ខែ និង ០៦ ថ្ងៃ ប៉ុណ្ណោះ គិតត្រឹមថ្ងៃ ពួកគេ ត្រូវបានដោះលែងពីពន្ធនាគារ រីឯ ទោស នៅសេសសល់ ត្រូវបានព្យួរ ទាំងស្រុង៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN


