កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ហិង្សាមានស្ថានទម្ងន់ទោសមរណភាពនៃជនរងគ្រោះ (ចាក់បណ្ដាលឲ្យស្លាប់) នៅចំណុចលើផ្លូវជាតិលេខ៥ មុខឱសថស្ថានចំរើនលាភ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង២២:១០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
ជនសង្ស័យឈ្មោះ លន់ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (បច្ចុប្បន្នឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ)។
ចំណែកជនរងគ្រោះឈ្មោះ ចក់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ទីលំនៅផ្ទះលេខ២៦៧ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងប្រមូលចាប់យកកាំបិតចុងស្រួច១ដើមពីជនសង្ស័យ។
ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញខណ្ឌសហការជាមួយជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យខាងលើនាព្រឹកថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៦ ត្រូវបានកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី


