នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះភាពរីកចម្រើនជាលំដាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី អាល្លឺម៉ង់-កម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការគាំទ្រដ៏កក់ក្តៅ ចំពោះរូបឯកឧត្តម ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យជាច្រេីន ជាពិសេសទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច នៃគណៈប្រតិភូនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ, ឯកឧត្តមបានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ និងកម្ពុជា គឺជាដៃគូពិភាក្សាដ៏បើកចំហ និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និងបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនេះ នឹងនៅតែបន្តពូនជ្រំឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម, វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម,និងជាពិសេស វិស័យទេសចរណ៍ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ។
ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះតួនាទី និងសកម្មភាពការទូតយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការរួមចំណែកពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្តេចធិបតី ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យជាច្រើន ជាពិសេសលើវិស័យអប់រំ និងបណ្តុះបណ្តាល, និងមានជំនឿថា កិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះនឹងបន្តរីកចម្រេីន និង កាន់តែស្អិតរមួតបន្ថែមទៀត។
សម្តេចធិបតី ក៏បានឯកភាពថា កម្ពុជា និងអាល្លឺម៉ង់ នៅមានកាលានុវត្តភាពជាច្រើនក្នុងការជំរុញទំហំពាណិជ្ជកម្ម និងកិច្ចហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច តាមរយៈការបន្តលើកកម្ពស់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន នៃប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ នៅមានសក្តានុពលជាច្រេីន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សម្តេចធិបតីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីគោលនយោបាយ និងវិធានការគន្លឹះៗរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការរីកចម្រើនលើវិស័យនេះ ជាពិសេសការជំរុញការកែច្នៃផលិតផលកសិកម្មយុទ្ធសាស្ត្រ រួមមានគ្រាប់ស្វាយចន្ទី និងស្រូវ អង្ករ របស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដែលមានស្រាប់។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយអនុលោមទៅតាមច្បាប់អន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី










