Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំរុញ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ ពិចារណា​វិនិយោគ​លើ​ការអភិវឌ្ឍ​សង្វាក់​តម្លៃ​វិស័យ​ឧស្សាហកម្ម ឱ្យសម្រេចបាន​ទឹកប្រាក់ ១៥​ប៊ី​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២០

spot_img

​ភ្នំពេញ ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ ពិចារណា​វិនិយោគ​លើ​ការបង្កើត សហគ្រាស​ធុន​តូច និង​មធ្យម នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទូទាំង​ប្រទេស​កម្ពុ​ជា ដើម្បី​ធ្វើ​ពិពិធ​កម្ម​ខ្សែសង្វាក់​តម្លៃ​វិស័យ​ឧស្សាហកម្ម និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​លើកស្ទួយ​ប្រសិទ្ធភាព ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នា​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ លោក ចាន់នី​ត ចាន់​ឆៃ​ណា​រ៉ុង (Chanitr Charnchainarong) ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ ស្វែងរក​យន្តការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃឡង់​ដ៏ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាប​ភាគី​ថៃ អំពី​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ថ្មី ដែល​ជា​របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច នៅក្នុង​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល និង​ផលិតផល​អទិភាព​សំខាន់ៗ របស់​កម្ពុជា ព្រមទាំង​អត្ថប្រយោជន៍​នៃ​ការវិនិយោគ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា​ការទទួលបាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់ ១០០​ភាគរយ និង​ភាពអនុគ្រោះ​ពន្ធ ដើម្បី​នាំចេញ​ទៅ​កាន់​ប្រទេស​ទី​បី ជាដើម​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ លោក ចាន់នី​ត ចាន់​ឆៃ​ណា​រ៉ុង ជម្រាប​ទៅ​រដ្ឋាភិបាល​ប្រទេស​ថៃ ជា​ពិសេស​ក្រសួង​សេដ្ឋកិច្ច​ថៃ ធ្វើកា​រ​ពន្លឿន​ការចុះ​អនុស្សរណៈ​លើ​ក​លែង​ពន្ធ នៅតាម​បន្ទាត់​ព្រំដែន ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ ឱ្យសម្រេចបាន​ទឹកប្រាក់ ១៥​ប៊ី​លាន​ដុល្លារ តាម​ផែនការ​នៅ​ត្រឹម​ឆ្នាំ​២០២០​។​

​ជា​ការឆ្លើយតប ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​លោក ចាន់នី​ត ចាន់​ឆៃ​ណា​រ៉ុង បាន​ថ្លែងអំណរគុណ​ដល់ លោក​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ និង​អនុសាសន៍​ល្អៗ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​។ លោក បាន​សន្យា​នឹង​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់នេះ ដល់​សមាគម​ធុរជន​នៅក្នុង​ប្រទេស​ថៃ ដើម្បី​ចូល​មក​វិនិយោគ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​។ ទាក់ទិន​នឹង​ការលើកលែង​ពន្ធ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន លោក ចាន់នី​ត ចាន់​ឆៃ​ណា​រ៉ុង ក៏​បាន​សន្យា​នឹង​នាំ​យក​សំណើ​ឯកឧត្តម​រដ្ឋមន្ត្រី ទៅ​ជម្រាប​ជូន​រដ្ឋាភិបាល​ប្រទេស​ថៃ ដើម្បី​ពន្លឿ​នកិច្ចការ​នេះ​។​

​គួរ​រំលឹក​ដែរ​ថា កាល​ពី​កំឡុង​ខែ​មីនា កន្លងមកនេះ ប្រទេស​កម្ពុជា និង​ថៃឡង់​ដ៏ បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក ពាណិជ្ជកម្ម លើក​ទី​៦ (6th JTC) នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ ភូ​គី​ត្រា ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​ផ្សេងៗ សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន ១៥​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​។ នៅក្នុង​កិច្ចប្រជុំ ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​ពង្រឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការបើក​ច្រកព្រំដែន​ថ្មីៗ​បន្ថែម និង​ការរៀបចំ​ឲ្យមាន​វេ​ទិ​កា​ធុរកិច្ច និង​វិនិយោគ​កាន់តែច្រើន​។ បន្ថែម​លើ​នេះ ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ​គឺ (១) យុទ្ធសាស្ត្រ​កំណើន នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច តាម​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំដែន និង​(២) អនុស្សរណៈ ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×