រាជធានីភ្នំពេញ ៖អ.វ.ត.ក. សូមជូនដំណឹងដល់សាធារណជន អ្នកគាំទ្រ និងអ្នកតាមដានទាំងអស់ឱ្យបានជ្រាបថា ថ្មីៗនេះ មានទំព័របណ្តាញសង្គមដែលមានឈ្មោះ សូន្យៗមួយ សូន្យៗពីរ បានប្រើប្រាស់ រូបភាពឡូហ្គូរបស់ អ.វ.ត.ក. ជា រូបភាពប្រូហ្វាលរបស់ទំព័ររបស់ខ្លួន ដែលអាចបង្កឱ្យសាធារណជនមានការយល់ច្រឡំថា ជាទំព័រផ្លូវការ ឬជាទំព័រ ដែលមានការពាក់ព័ន្ធជាមួយអ.វ.ត.ក.។នេះបើតាមសេចក្តីប្រកាសបដិសេធ និងជូនដំណឹងជាសាធារណៈរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៦។
អ.វ.ត.ក. សូមបដិសេធយ៉ាងដាច់ខាតថា ទំព័រសូន្យៗមួយ សូន្យៗពីរ មិនមែនជាទំព័រផ្លូវការរបស់ អ.វ.ត.ក. និងមិនត្រូវបាន អ.វ.ត.ក. ផ្តល់សិទ្ធិ ឬអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះ ឬឡូហ្គូរបស់ខ្លួនឡើយ។
អ.វ.ត.ក. សូមបញ្ជាក់ថា រាល់ សារ ខ្លឹមសារ ការផ្សព្វផ្សាយ សកម្មភាព ឬព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ តាមរយៈទំព័រខាងលើ មិនមែនជាការប្រកាស ឬជំហរផ្លូវការរបស់អ.វ.ត.ក. ហើយ អ.វ.ត.ក. មិនទទួលខុសត្រូវ ចំពោះខ្លឹមសារ ឬសកម្មភាពរបស់ទំព័រទាំងនោះទេ ។
ជាមួយគ្នានេះ អ.វ.ត.ក. មិនអនុញ្ញាតឱ្យមានការប្រើប្រាស់ឡូហ្គូ ឈ្មោះ ឬអត្តសញ្ញាណសម្គាល់របស់ អ.វ.ត.ក. ក្នុងលក្ខណៈដែលអាចបង្កការយល់ច្រឡំអំពីប្រភព ឬទំនាក់ទំនងជាមួយ អ.វ.ត.ក. ឡើយ ហើយសូម ឱ្យភាគីពាក់ព័ន្ធបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ចៀសវាងទទួលខុសត្រូវចំពោះច្បាប់ជាធរមាន ។
អ.វ.ត.ក. សូមអំពាវនាវដល់សាធារណជន កុំមានការភាន់ច្រឡំ និងកុំចាត់ទុកព័ត៌មានដែលផ្សព្វផ្សាយតាម ទំព័រខាងលើថាជាព័ត៌មានផ្លូវការរបស់អ.វ.ត.ក.ហើយសូមពិនិត្យ និងទទួលព័ត៌មានតែតាមរយៈបណ្តាញផ្លូវការ របស់ អ.វ.ត.ក. តាមរយៈទំព័រហ្វេសបុកផ្លូវការ www.facebook.com/krtribunal2 ។
អ.វ.ត.ក. សូមថ្លែងអំណរគុណចំពោះសាធារណជន និងអ្នកតាមដានទាំងអស់ ចំពោះការយោគយល់ និង ការចូលរួមក្នុងការទប់ស្កាត់ការយល់ច្រឡំ និងការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី





