ខេត្តកំពង់ស្ពឺ៖ បុរសសង្ស័យចំនួន ០២នាក់ ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ ត្រូវបានគេរាយការណ៍ថា បានផ្លោះរបងខាងក្រោយសាលាដំបូងខេត្តកំពង់ស្ពឺ ហើយរត់គេចខ្លួន ដោយ សុវត្ថិភាព ខណៈពួកគេត្រូវបានមន្ត្រីនគរបាលបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ដើម្បីសាកសួរ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺ។
តាមប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់មានជាប់ពាក់ព័ន្ធនឹងបទល្មើស លួច និងប្លន់។
ពួកគេបានឆ្លៀតឱកាសផ្លោះរបងខាងក្រោយអគារសាលាដំបូង ដែលនៅជាប់តំបន់បន្ទប់ទឹក ហើយរត់គេចខ្លួនទាំងនៅមានខ្នោះដៃ ដោយជនសង្ស័យម្នាក់ៗមានខ្នោះដៃជាប់នឹងដៃរបស់ខ្លួន។
ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានចុះស្វែងរកជនសង្ស័យនៅតំបន់ជុំវិញ និងតាមទីតាំងដែលសង្ស័យថាពួកគេអាចរត់គេចទៅដល់។
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា: កម្លាំងជំនាញកំពុងប្រឹងប្រែងស្វែងរក និងតាមចាប់ជនសង្ស័យទាំង២នាក់ ដើម្បីនាំខ្លួនមកអនុវត្តតាមនីតិវិធីច្បាប់។
លោកបានបញ្ជាក់ថា គិតត្រឹមពេលផ្តល់ព័ត៌មាននេះ សមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនជនសង្ស័យទាំង២នាក់បាននៅឡើយទេ។
ជុំវិញហេតុការណ៍នេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់សាលាដំបូងបានលើកឡើងថា ករណីជនសង្ស័យរត់គេចខ្លួននៅពេលបញ្ជូនទៅតុលាការ ត្រូវបានរាយការណ៍ថា ធ្លាប់កើតមានកាលពីពេលកន្លងមកផងដែរ។
ប្រភពដដែលបានសម្ដែងការព្រួយបារម្ភចំពោះការគ្រប់គ្រង និងការការពារជនសង្ស័យនៅពេលបញ្ជូនទៅកាន់តុលាការ ដោយអំពាវនាវឱ្យមានការពង្រឹងវិធានការសន្តិសុខ និងការត្រួតពិនិត្យ ដើម្បីបង្ការកុំឱ្យ មានករណីរត់គេចខ្លួនកើតឡើងជាថ្មី ម្តងទៀត៕រក្សាសិទ្ធិគ្រប់គ្រងដោយ CEN




